រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ចៅហ្វាយខេត្តព្រះសីហនុបញ្ជាឱ្យកម្លាំងបង្ក្រាបការប្រើឧបករណ៍ Fake BTS

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

បន្ទាប់ពីឯកឧត្តមអភិបាលខេត្តព្រះសីហនុធ្វើដំណើរកាត់មុខស្នងការដ្ឋាននគរបាលខេត្ត និងកាត់ផ្សារពាណិជ្ជកម្មឆ្ពោះទៅផ្លូវ សេតេ (CT) ឃើញមានសារលោតចូលទូរសព្ទជាហូរហែរ, ឯកឧត្តម ម៉ាង ស៊ីណេត បានដាក់បទបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធយកចិត្តដាក់បង្ក្រាបលើករណីប្រើឧបករណ៍ Fake BTS ដែលជាបញ្ហានាំឱ្យមានសារពាក់ព័ន្ធល្បែងស៊ីសង កម្ចីឯនជនលោតចូលក្នុងទូរសព្ទបងប្អូនអ្នកធ្វើដំណើរក្នុងខេត្តព្រះសីហនុ។ បទបញ្ជានេះបានប្រកាសនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែតុលា។

មិនតែប៉ុណ្ណោះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកឱ្យឯកឧត្តមអគ្គស្នងការរងនិងជាស្នងការនគរបាលខេត្តព្រះសីហនុឧស្សាហ៍ចូលមើលទូរសព្ទ តើមានសារលោតចូលដែរឬអត់?។ ក្នុងន័យនេះ ឯកឧត្តម ចង់សង្កត់ធ្ងន់ថា សារទាំងនោះលោតនៅជិតៗស្នងការ ហើយក៏ស្ទើរតែចូលទៅដល់ក្នុងស្នងការដែរ។ យ៉ាងណា ឯកឧត្តម ម៉ាង ស៊ីណេត បានទទួលស្គាល់ថា ការស្វែងរកឧបករណ៍ខាងលើវាពិតជាមានផលលំបាក ប៉ុន្តែឯកឧត្តមសូមឱ្យកងកម្លាំងទាំងអស់ខិតខំតាមដានបន្ថែម។ លើសពីនេះ ឯកឧត្តមអភិបាលខេត្តយល់ឃើញថា មិនថាអ្នកភ្នំពេញឬអ្នកមកពីតាមបណ្តាខេត្តផ្សេងៗនោះទេ ឱ្យតែចូលមកដល់ក្នុងខេត្តព្រះសីហនុភ្លាម ហើយឃើញសារលោតចូលទូរសព្ទ នោះពួកគាត់គិតថាជាសារ Scams Online តែម្តង។

ដោយឡែក ក្នុងសេចក្តីជូនដំណឹងកាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានណែនាំឱ្យគ្រប់ក្រុមហ៊ុន ឬតំណាងអ្នកនាំចូល, អ្នកផ្គត់ផ្គង់សម្ភារបរិក្ខារទូរគមនាគមន៍ត្រូវបញ្ឈប់ការនាំចូល ឬការផ្គត់ផ្គង ឬចែកចាយឧបករណ៍ ឬដំឡើងឧបករណ៍ Fake BTS នេះនៅតាមអគារ លំនៅឋាន សណ្ឋាគារ កាស៊ីណូ និងលើរថយន្តជាដាច់ខាត។ ចំណែក សាធារណជន សូមកុំបើកមើល ឬឆ្លើយតបសារពាក់ព័ន្ធនឹងល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងៗទៀត ជាពិសេសកុំចុចលើតំណភ្ជាប់ (Link) ដាច់ខាត។ ជាក់ស្តែង នៅថ្ងៃទី២០ ខែតុលានេះ សមត្ថកិច្ចខេត្តព្រះសីហនុ បានឃាត់ខ្លួនបុរសម្នាក់កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយពិនិត្យរកឃើញឧបករណ៍ Fake BTS នៅលើរថយន្ត ១គ្រឿង ត្រង់ចំណុចផ្លូវ៣០០ ក្បែរកាស៊ីណូ ប៉ឡាយ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ ទន្ទឹមគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្ន និងជៀសវាងការផ្តល់សេវាកម្មជួលរឺបើកបរយានយន្តបំពាក់ឧបករណ៍ Fake BTS ដែលបម្រើឱ្យការផ្ញើសារបោកប្រាស់ផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…