រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

គណៈកម្មការរដ្ឋសភាជំរុញឱ្យតុលាការខេត្តព្រះសីហនុចាត់ការសំណុំរឿង Scams Online ដោយយុត្តិធម៌

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានជំរុញតុលាការខេត្តព្រះសីហនុ ទាំងសាលាដំបូងនិងសាលាឧទ្ទរណ៍ ឱ្យយកចិត្តទុកដាក់ចាត់ការសំណុំរឿងឆបោកតាមអនឡាញ (Scams Online) ដោយភាពម៉ឺងម៉ាត់ និងយុត្តិធម៌។ ការលើកឡើងរបស់ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា រូបនេះ បានធ្វើឡើងនៅពេលដែលឯកឧត្តមដឹកនាំប្រតិភូដែលជាសមាជិករដ្ឋសភា ចុះសិក្សាស្វែងយល់ពីការអនុវត្តច្បាប់របស់សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានជំរុញឱ្យសាលាដំបូងនិងសាលាឧទ្ទរណ៍ខេត្តព្រះសីហនុ ត្រូវតែខិតខំដោះស្រាយគ្រប់សំណុំរឿងទាំងព្រហ្មទណ្ឌ និងសំណុំរឿងរដ្ឋប្បវេណី ទាំងសំណុំរឿងចាស់និងសំណុំរឿងថ្មី ឱ្យបានឆាប់រហ័ស។ ពិសេសយកចិត្តទុកដាក់លើសំណុំរឿងអាទិភាពទាំង៤ និងបន្ថែមលើសំណុំរឿង Scams Online (ការបោកប្រាស់តាមប្រព័ន្ធអ៊ិនធើណេត) ត្រូវតែចាត់ការដោយម៉ឺងម៉ាត់និងយុត្តិធម៌។ ឯកឧត្តម បានផ្តាំផ្ញើសាលាដំបូងខេត្តព្រះសីហនុឱ្យបន្តពង្រឹងវិស័យយុត្តិធម៌ឱ្យបានល្អប្រសើរឡើងថែមទៀត។

ជាមួយគ្នានេះ លោក កោ វណ្ឌី ប្រធានសាលាដំបូងខេត្តព្រះសីហនុ បានរាយការណ៍ជូនគណៈកម្មការរដ្ឋសភាថា ក្នុងរយៈពេល៩ខែមកនេះ សាលាដំបូងខេត្តបានយកចិត្តទុកដាក់ពិនិត្យចាត់ការលើសំណុំរឿងអាទិភាពទាំង៤ គឺសំណុំរឿងគ្រឿងញៀន សំណុំរឿងចរាចរណ៍ សំណុំរឿងអត្រានុកូលដ្ឋាន និងសំណុំរឿងពាក់ព័ន្ធក្មេងទំនើង។ បន្ថែមពីនេះ សាលាដំបូងក៏បានខិតខំដោះស្រាយជាពិសេសចំពោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…