រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ដើម្បីជួយកសិករក្នុងគ្រាដែលតម្លៃស្រូវធ្លាក់ចុះខ្លាំង រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវឱ្យគ្រប់តួអង្គពាក់ព័ន្ធត្រូវរួមគ្នាក្នុងស្មារតី «ខ្មែរជួយខ្មែរ»

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

Please click this link to get more information

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា ដើម្បីជួយកសិករក្នុងគ្រាដែលតម្លៃស្រូវធ្លាក់ចុះខ្លាំង សូមគ្រប់តួអង្គពាក់ព័ន្ធត្រូវរួមគ្នាក្នុងស្មារតី «ខ្មែរជួយខ្មែរ» ចាប់ពីឈ្មួញទិញស្រូវ និងអ្នកទិញសម្រាប់ទទួលទានក្នុងស្រុក រហូតដល់ម្ចាស់បំណុល ត្រូវរួបរួមគ្នាក្នុងស្មារតី ជួយបង្កើនការទិញស្រូវ-អង្ករពីប្រជាកសិករក្នុងតម្លៃសមរម្យ និងយោគយល់ចំពោះការទារបំណុល ក្នុងគ្រាដ៏លំបាកដែលស្រូវកំពុងធ្លាក់ថ្លៃក្នុងរដូវប្រមូលផលឆ្នាំនេះ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដូចនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក ដែលអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានផុស និងចែករំលែកអំពីការត្អូញត្អែររបស់ប្រជាកសិករដោយសារតម្លៃស្រូវធ្លាក់ចុះយ៉ាងខ្លាំង មិនអាចទូទាត់ថ្លៃដើម និងការសងបំណុលបាននៅរដូវប្រមូលផលឆ្នាំនេះ។

តាមរយៈវីដេអូបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី ២ខែវិច្ឆិកានេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងអំណគុណចំពោះអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដែលបានជួយផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធការធ្លាក់ចុះនៃតម្លៃស្រូវរបស់ប្រជាកសិករ ដើម្បីបង្ហាញពីការលំបាករបស់ប្រជាកសិករនាពេលនេះ ដើម្បីរកវិធីជួយពួកគាត់ ប៉ុន្តែការដឹងត្រឹមតែព័ត៌មានមិនគ្រប់គ្រាន់ទេ ពោលគឺយើងក៏ត្រូវប្រែក្លាយការអាណិតអាសូរកសិករនេះ ទៅជាសកម្មភាពជាក់ស្តែង ដើម្បីយើងជួយពួកគាត់។

ឯកឧត្តមរដ្ឋមន្ត្រី អំពាវនាវឲ្យឈ្មួញជួយទិញស្រូវក្នុងតម្លៃសមរម្យ ខណៈរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ជួយទម្លាក់ថវិកាបន្ថែមទៀត ដើម្បីជួយជំរុញឲ្យតម្លៃស្រូវឡើងខ្ពស់។ ដូចជា ប្រភេទស្រូវផ្ការំដូល ក្នុងរង្វង់ ១០០០រៀល ក្នុងមួយគីឡូក្រាមផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួង បានធ្វើការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការត្រៀមទិញស្រូវពីកសិករនៅក្នុងខែវិច្ឆិកានេះ ក្នុងយុទ្ធនាការប្រមូលទិញស្រូវក្នុងតម្លៃសមរម្យ និងព្យាយាមស្នើសុំឲ្យម្ចាស់បំណុលពន្យាពេលសម្រាប់ប្រជាកសិករ ព្រោះថា ស្ថានភាពតម្លៃស្រូវដូចសព្វថ្ងៃនេះ ពួកគាត់មិនអាចមានលទ្ធភាពសងបានឡើយ។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី ក៏បានស្នើឲ្យម្ចាស់បំណុល ជួយពន្យាពេលក្នុងការទារបំណុលរហូតដល់ ការប្រមូលផលរដូវកាលក្រោយ ដើម្បីផ្តល់លទ្ធភាពឲ្យប្រជាកសិករអាចធ្វើការដាំដុះបន្តទៀតបាន។

ខណៈដែលបច្ចុប្បន្ន កម្ពុជា មានគ្រួសារកសិករប្រហែល ១,៧លានគ្រួសារ ដែលដាំដុះលើផ្ទៃដីជាង ៣លានហិកតា ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម ក៏បានលើកទឹកចិត្តឲ្យប្រជាកសិកររួបរួមគ្នាចងក្រងជាសហគមន៍កសិកម្មទំនើប ក្នុងការងាយស្រួលទទួលបានទុនកម្ចីមានអត្រាការប្រាក់ទាប ទទួលបានការណែបច្ចេកទេសពីអ្នកជំនាញ ដែលជួយកាត់បន្ថយថ្លៃដើមផលិតកម្ម និងការធានាទីផ្សារ និងតម្លៃតាមកិច្ចសន្យាទុកមុន៕ 

ដោយ ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…