ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាខួបទី២២ឆ្នាំដែលកម្ពុជាបានចុះបញ្ជី“របាំព្រះរាជទ្រព្យ” ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិ។ «របាំព្រះរាជទ្រព្យ» ជានាដកម្មបុរាណមួយដែលកម្ពុជាបានថែរក្សាអស់រយៈពេលដ៏យូរលង់ណាស់មកហើយ។
ទន្ទឹមនឹងថ្ងៃខួបទី២២នេះដែរ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហោះសារអបអរសាទរនៃការចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិនេះ នៅលើបណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេចថា៖ «កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»។ ក្នុងនោះ គេក៏សង្កេតឃើញថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងក្រសួងស្ថាប័នជាច្រើនបានបង្ហោះសារអបអរសាទរខួបលើកទី២២ ដែលកម្ពុជាបានចុះបញ្ជី «របាំព្រះរាជទ្រព្យ» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដែរ។
គួររំលឹកថា «របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ «របាំព្រះរាជទ្រព្យ» ឬរបាំក្បាច់បុរាណខ្មែរនេះ ជាប្រភេទរបាំដែលនាដករប្រើចលនាកាយវិកា ក្បាច់ និងមនោសញ្ចោតនាទៅតាមការវិវត្តនៃសាច់រឿង ដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀងនៃក្រុមចម្រៀងជាពួក និងត្រូវបានប្រគំដោយវង់ភ្លេងពិណពាទ្យដែលមានតួនាទីប្រគំជូនរបាំនេះ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត



