(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងប្រារព្ធព្រះរាជពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧២ឆ្នាំ នៅវិមានឯករាជ្យ។ ដូចទៅនឹងបណ្តាឆ្នាំកន្លងទៅ កម្ពុជាបានប្រារព្ធព្រះរាជពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ដែលជាថ្ងៃខ្មែររំដោះខ្លួនចេញពីការគ្រប់គ្រងរបស់បារាំង។
ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ពិធីអបអរសាទរត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពង នៅលើបរិវេណវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ ទីតាំងនិមិត្តរូបការដណ្តើមបានឯករាជ្យ។
ពិធីអបអរសាទរខួបនៃការដណ្តើមបានឯករាជ្យ ត្រូវបានប្រារព្ធឡើងយ៉ាងមហោឡារិកក្រោមរាជាធិបតីភាពព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បុត្រាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិខ្មែរ និងអញ្ជើញដង្ហែដោយថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ មានដូចជាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចមហាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត រដ្ឋទូត នៃបណ្តាប្រទេសនានា មន្ត្រីរាជការតាមក្រសួងស្ថាប័ននានា សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
ក្នុងព្រះរាជពិធីនាព្រឹកមិញនេះ ព្រះមហាក្សត្រ បានស្តេចយាងដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធវីរយុទ្ធជន យុទ្ធនារីខ្មែរ ដែលបានតស៊ូ និងធ្វើពលីកម្មក្នុងការទាមទារឯករាជ្យជាតិ បន្ទាប់មកព្រះអង្គបានយាងប្រោសប្រទានភ្លើងជ័យ។
សូមជំរាបដែលថា បារាំងបានដាក់អាណានិគមលើដែនដីសុវណ្ណភូមិ អស់រយៈពេលជិតមួយសតវត្សរ៍ (១១ សីហា ១៨៦៣-៩ វិច្ឆិកា ១៩៥៣)។ ការដាក់អាណានិគមរបស់បារាំងលើដែនដីកម្ពុជា ក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ី បានធ្វើឡើងបន្ទាប់ពីប្រទេសមហាអំណាចពិភពលោក ក្នុងសម័យនោះមួយនេះបានបាត់បង់អំណាចអាណានិគមរបស់ខ្លួននៅអាម៉េរិក (រដ្ឋល្វីស៊ីយ៉ានត្រូវលក់ទៅឲ្យអាម៉េរិក) ឯរដ្ឋកាណាដា ត្រូវអង់គ្លេសដណ្តើមយក។ ដើម្បីពង្រឹងអំណាចរបស់ខ្លួន បារាំងមានបំណងបាញ់ឆ្ពោះការដាក់អាណានិគមទៅតំបន់អាហ្វ្រិក និងអាស៊ី៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ







