សួនរុក្ខជាតិអង្គរ ជាគោលដៅទេសចរណ៍បន្ថែមដ៏ពេញនិយម សម្រាប់ការទស្សនារបស់ភ្ញៀវទេសចរក្រៅពីប្រាង្គប្រាសាទនានា ហើយរយៈពេលជាង៣ឆ្នាំ បានទទួលអ្នកទស្សនាមកពីគ្រប់ទិសទីប្រមាណជាង ៦០ម៉ឺននាក់។
នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា ដែលជាអ្នកទទួលខុសត្រូវលើសួន ចំពោះសួននេះបានបើកឱ្យចូលទស្សនាដោយឥតបង់ថ្លៃសម្រាប់សាធារណជនទូទៅ មិនថាក្មេងចាស់ប្រុសស្រី ជនបរទេសឬខ្មែរ ក្នុងគោលដៅចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងគិតគូរដល់សុខមាលភាពរបស់ប្រជាជន និងទេសចរ ឱ្យមានកន្លែងបៃតងដ៏ធំទូលំទូលាយ ខ្យល់អាកាសបរិសុទ្ធដកដង្ហើម សម្រាប់ជាកន្លែងដើរកម្សាន្ត ហាត់ប្រាណ និងទទួលបាននូវចំណេះដឹងពីធម្មជាតិ និងជីវសាស្ត្រចម្រុះនៃប្រទេសកម្ពុជា។
ក្រោយពីបានបើកសម្ពោធដាក់ឱ្យដំណើរការចាប់តាំងពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ សួនរុក្ខជាតិអង្គរ ឬដែលគេស្គាល់ជាភាសាអង់គ្លេសថា Angkor Botanical Garden មានការអភិវឌ្ឍជាបន្តបន្ទាប់ និងបង្កើនភាពទាក់ទាញដល់អ្នកទេសចរ ហើយបានប្រែក្លាយជាគោលដៅទេសចរណ៍បន្ថែមដ៏ពេញនិយម សម្រាប់ការទស្សនាក្រៅពីប្រាង្គប្រាសាទនានាក្នុងខេត្តសៀមរាប។
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបាននាំមកនៅសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងរយៈពេល ៣ឆ្នាំមកនេះ សួនដែលមានលក្ខណៈធម្មជាតិនេះ បានលាតសន្ធឹងលើផ្ទៃដីជិត ២០០ហិកតា ក្នុងតំបន់រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក និងមានទំហំធំជាងគេបំផុតក្នុងប្រទេសកម្ពុជា បានទាក់ទាញបេះដូងភ្ញៀវជាតិ និងអន្តរជាតិឱ្យមកដើរគយគន់ ទស្សនា និងសិក្សាស្វែងយល់ពីប្រភេទរុក្ខជាតិ និងសត្វដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ន៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម













