រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងសុខាភិបាលបង្ហាញករណីបុរសវ័យ២២ឆ្នាំស្លាប់ដោយជំងឺផ្តាសាយបក្សី H5N1 ហើយអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់

KPS99TV

សេចក្តីសង្ខេប

ក្រសួងសុខាភិបាលរាយការណ៍ពីបុរសអាយុ២២ឆ្នាំនៅភ្នំពេញដែលស្លាប់ដោយ H5N1 ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៥ និងអំពាវនាវឱ្យប្រុងប្រយ័ត្នបក្សីឈឺ ឬងាប់ និងទៅពេទ្យឆាប់ពេលមានរោគសញ្ញា។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្តីពីករណីមនុស្សស្លាប់ដោយជំងឺផ្តាសាយបក្សី (H5N1) ចំនួន ០១ ករណី។ ជនរងគ្រោះជាបុរសអាយុ ២២ ឆ្នាំ មានទីលំនៅក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានឮថា អ្នកជំងឺវិជ្ជមានវីរុស H5N1 នៅថ្ងៃទី១៥ ខែវិច្ឆិកា ២០២៥។ ទោះបីត្រូវបានថែទាំ និងព្យាបាលយ៉ាងសកម្មដោយក្រុមគ្រូពេទ្យក៏ដោយ អ្នកជំងឺបានទទួលមរណភាពនៅម៉ោង ៩:៤១ នាទី ព្រឹក ថ្ងៃទី១៥ វិច្ឆិកា ២០២៥ ដោយសារស្ថានភាពធ្ងន់ធ្ងរ រួមមានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កំពុងសហការជាមួយមន្ទីរកសិកម្ម និងអាជ្ញាធរមូលដ្ឋាន ដើម្បីអង្កេតស្រាវជ្រាវលើប្រភពឆ្លង និងស្វែងរកអ្នករងផលប៉ះពាល់។ ការឆ្លើយតបត្រូវបានអនុវត្តតាមវិធីសាស្ត្របច្ចេកទេស ដោយចែកចាយថ្នាំ Tamiflu ដល់អ្នកនៅជិតស្និទ្ធ និងបន្តធ្វើយុទ្ធនាការអប់រំនៅក្នុងសហគមន៍។

ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នក្នុងការការពារជំងឺផ្តាសាយបក្សី ដែលនៅតែបន្តជាហានិភ័យដល់សុខភាពសាធារណៈ។ ប្រជាពលរដ្ឋដែលមានរោគសញ្ញា ដូចជា ក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម ហើយមានប្រវត្តិប៉ះពាល់ជាមួយសត្វបក្សីឈឺ ឬងាប់ ក្នុងរយៈពេល១៤ថ្ងៃមុន សូមកុំចូលរួមក្នុងកន្លែងមានមនុស្សច្រើន និងត្រូវទៅពិគ្រោះពេទ្យឱ្យបានឆាប់រហ័ស ដើម្បីជៀសវាងហានិភ័យធ្ងន់ធ្ងរ។

របៀបឆ្លងនៃជំងឺ H5N1:
ជំងឺផ្តាសាយបក្សី H5N1 ជាជំងឺដែលធម្មតាចម្លងពីសត្វបក្សីឈឺទៅសត្វព្រៃ ឬសត្វចិញ្ចឹមផ្សេងទៀត។ ជួនកាលអាចឆ្លងពីបក្សីឆ្លងមកមនុស្សតាមការប៉ះពាល់ជិតស្និទ្ធជាមួយសត្វឈឺ ឬសត្វងាប់។ ជំងឺនេះធ្ងន់ធ្ងរនិងត្រូវការការព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យ។ ទោះបីវាមិនងាយឆ្លងពីមនុស្សទៅមនុស្សក្តី ក៏មានហានិភ័យបំប្លែងក្លាយជាវីរុសដែលអាចឆ្លងលឿនដូចជាជំងឺផ្តាសាយតាមរដូវកាល។

ក្រសួងសុខាភិបាលបន្តអំពាវនាវឱ្យសហគមន៍ខិតខំការពារខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។

របៀបបង្ការជំងឺផ្តាសាយបក្សី (H5N1):

ក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍សុខភាពសាធារណៈ ដើម្បីការពារការឆ្លងជំងឺផ្តាសាយបក្សី H5N1 ដូចខាងក្រោម៖

1. មិនគួរប៉ះពាល់ ឬទទួលទានសត្វបក្សីឈឺ      ឬងាប់ឡើយ។ ក្នុងករណីត្រូវចាប់កាន់សត្វបក្សី សូមពាក់ស្រោមដៃ និងម៉ាស      ឬប្រើក្រមាបិតច្រមុះមាត់ ហើយស្រង់សត្វចូលទឹកពុះ មុននឹងបោចសម្អាតរោម      និងត្រៀមធ្វើម្ហូបអាហារ។
2. ត្រូវគោរពអនាម័យផ្ទាល់ខ្លួន      ដោយលាងដៃឱ្យបានញឹកញាប់ មុនពេលចាប់កាន់ចំណីអាហារ និងបន្ទាប់ពីប៉ះពាល់សត្វ      ឬវត្ថុដែលអាចជាប្រភពរាលដាលរោគ។
3. ចម្អិនម្ហូបអាហារ ឱ្យបានឆ្អិនទៀងទាត់      ជាពិសេសសាច់សត្វបក្សី និងស៊ុត។ កុំទទួលទានពងមាន់ ឬពងទាជាឆៅ ឬវៀចព្នៅ។
4. ត្រូវរក្សាទុកអាហារឆៅ      និងអាហារឆ្អិនឱ្យដាច់ដោយឡែកពីគ្នា។      សម្អាតសម្ភារៈចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ ក្រោយការប្រើប្រាស់។

ក្នុងករណីមានសត្វមាន់ទាឈឺ ឬងាប់ច្រើននៅក្នុងផ្ទះ ឬភូមិ និងមានរោគសញ្ញា ក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម សូមទៅពិគ្រោះ និងពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យជិតបំផុតឱ្យបានឆាប់រហ័ស ដើម្បីជៀសវាងហានិភ័យធ្ងន់ធ្ងរ។

ក្រសួងសុខាភិបាល សូមអំពាវនាវឱ្យសាធារណជនគោរពអនុសាសន៍ខាងលើ ដើម្បីថែរក្សាសុខភាព និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ។ ក្រសួងនឹងបន្តផ្តល់ព័ត៌មានជូនសាធារណជនតាមបណ្តាញសង្គមផ្លូវការនានា រួមទាំងទំព័រហ្វេសប៊ុកផ្លូវការនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងខ្សែទូរសព្ទទាន់ហេតុការណ៍ ១១៥ ដែលមានសេវាឥតគិតថ្លៃ។

ដោយ៖ ទូរទស្សន៍ខេត្តព្រះសីហនុ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…