ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានជូនសាធារណជនថា កម្ពុជាបានសម្រេចបានជោគជ័យដ៏សម្បើមមួយក្នុងការការពារ និងអភិរក្សសត្វផ្សោតតាមទន្លេមេគង្គ ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ។ គិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្ពុជាមិនមានករណីសត្វផ្សោតស្លាប់កើតឡើងឡើយ។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជាចាប់តាំងពីឆ្នាំ២០០២ ដែលមានរយៈពេល១ឆ្នាំពេញ ពុំមានសត្វផ្សោតស្លាប់មួយករណីនោះទេ។
បន្ថែមពីនេះក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ កម្ពុជាក៏បានទទួលស្វាគមន៍កំណើតកូនផ្សោតថ្មីចំនួន ៧ ក្បាល ធ្វើឱ្យចំនួនសត្វផ្សោតសរុបនៅក្នុងប្រទេសកើនឡើងដល់ ១១១ ក្បាល ដែលជាកម្រិតកើនឡើងគួរឱ្យរីករាយសម្រាប់ការអភិរក្សជីវចម្រុះតាមទន្លេមេគង្គ។
ក្រសួងបានបញ្ជាក់ថា ជោគជ័យនេះសម្រេចបាន តាមរយៈការខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាល ក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល សមត្ថកិច្ចពាក់ព័ន្ធ អង្គការ WWF សហគមន៍នេសាទ និងក្រុមអ្នកថែរក្សាតំបន់ក្រៅទីប្រជុំជន ដែលបានលះបង់កម្លាំងកាយ និងកម្លាំងចិត្តក្នុងការរក្សា សហការផ្តល់ព័ត៌មាន និងការពារ មិនឱ្យមានការធ្វើនេសាទខុសច្បាប់ក្នុងតំបន់អភិរក្សសត្វផ្សោត។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់ប្រជាពលរដ្ឋជាពិសេសអ្នកនេសាទ ដើម្បីបន្តចូលរួមការពារ និងទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់។ ប្រជាពលរដ្ឋអាចផ្តល់ព័ត៌មានទៅសមត្ថកិច្ចតាមរយៈលេខទូរស័ព្ទ៖
០៩៩ ៧៩១ ៩១៩ / ០៩៧ ៦៦៦ ៤៩៩៩ / ០១១ ៣៥៥ ៨៨៣ / ០៨៨ ៨៣៥៥ ៨៨៣ / ០១២ ៨៩៧ ៩៤៣។
ដោយ៖ ទូរទស្សន៍ខេត្តព្រះសីហនុ




