សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍និងចាត់ទុកថា ការបិទព្រំដែនរបស់ថៃ ជាមួយកម្ពុជា មិនមែនត្រឹមតែកាត់ផ្ដាច់ ជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែគឺជាការកាត់ផ្ដាច់ក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌអាស៊ីបូព៍ាផងដែរ។ ហើយចំពោះទំហំពាណិជ្ជកម្មប្រទេសកម្ពុជា និងថៃ កំពុងតែលេងល្បែងចាញ់ៗទាំងអស់គ្នា។ ប៉ុន្តែប្រទេសកម្ពុជាលោតទាបជាង ធ្លាប់មកវិញ ក៏មិនសូវឈឺ។ ប៉ុន្តែថៃលោតខ្ពស់ជាង ធ្លាក់មកវិញក៏ឈឺខ្លាំង។ សម្តេចតេជោ ហ៊ុន សែន ប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។
សម្តេចតេជោ បន្តថា បើយោងតាមតួលេខក្រៅផ្លូវការ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មានជាង១០ពាន់លានដុល្លារ។ ប៉ុន្តែទំហំពាណិជ្ជកម្ម ដែលមានកត់ត្រានៅអគ្គនាយកដ្ឋានគយ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានជាង៦ពាន់លានដុល្លារ ក្នុងនោះកម្ពុជា នាំចេញទៅថៃប្រមាណ១ពាន់១០០លានដុល្លារ ឯថៃនាំចូលមកកម្ពុជា ប្រមាណ៥ពាន់៤០០លានដុល្លារ។ ដូច្នេះ ថៃមានអតិរេកពាណិជ្ជកម្មជាង៤ពាន់លានដុល្លារ។
សម្តេចមានប្រសាសន៍លើកជាសំណួរថា "តើអ្នកណាខាត អ្នកណាចំណេញ?"៕
ដោយ៖ ប៉ៃ សុឃីម





