ចៅក្រម២២រូបនិងព្រះរាជអាជ្ញារង៣រូប ត្រូវបានរងការដាក់វិន័យ និងបញ្ឈប់ពីការងារដោយក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្រោយរកឃើញថា បានប្រព្រឹត្តកំហុសនៅពេលអនុវត្តការងារ។ ការសម្រេចដាក់វិន័យ និងបញ្ឈប់ពីការងារនេះ បានធ្វើឡើងក្នុងសម័យប្រជុំលើកទី៣៩ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅក្នុងព្រះបរមាវាំង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា។ ការដាក់វិន័យលើចៅក្រម និងព្រះរាជអាជ្ញារងមានដូចជាការស្តីបន្ទោស ការផ្លាស់ប្តូរការងារដោយបង្ខំ និងព្យួរតួនាទីជាដើម។
ចំណែក ការបញ្ឈប់ពីការងារ គឺមានព្រះរាជអាជ្ញា០១រូប បានបណ្តេញចេញពីក្របខណ្ឌព្រះរាជអាជ្ញា និងចៅក្រមចំនួន ២រូប។ រីឯ ព្រះរាជអាជ្ញារងចំនួន០២រូបផ្សេងទៀត បានស្នើសុំព្យួរការងារដោយខ្លួនឯង។ យ៉ាងណា ក្រោយពីការរកឃើញកំហុសនិងបានដាក់វិន័យលើចៅក្រម និងព្រះរាជអាជ្ញារងរួចមក ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក៏បានរកឃើញចៅក្រម ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងចំនួន ១៧០រូប ដែលមានស្នាដៃបម្រើប្រជាពលរដ្ឋហើយត្រូវបានដំឡើងឋានន្តរស័ក្តិតាមវេនអតីតភាព និងតាមកម្រិតសញ្ញាបត្រ។ ម៉្យាងវិញទៀត កិច្ចប្រជុំនេះ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម តែងតែបើកសម័យប្រជុំរបស់ខ្លួនរៀងរាល់ ១ឆ្នាំម្តង ដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់ចំពោះចៅក្រម ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងនៅទូទាំងប្រទេសកម្ពុជា៕
ដោយ៖ ង៉ែត ពិសាន្ត










