រាជធានីភ្នំពេញ, ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ — ក្រសួងកិច្ចការនារី បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ លើទង្វើដ៏សាហាវព្រៃផ្សៃ ឃោរឃៅ អមនុស្សធម៌ និងអំពើហិង្សារបស់ក្រុមទាហានឈុតខ្មៅថៃ ដែលបានវាយដំ បំពាន និងប្រើអំពើហិង្សាចំពោះក្រុមពលករទេសន្តរប្រវេសន៍ខ្មែរចំនួន ១៣ នាក់ ខណៈពួកគេកំពុងធ្វើដំណើរត្រឡប់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួង បានបញ្ជាក់ថា ទាហានឈុតខ្មៅថៃចំនួន ៧ នាក់ បានប្រព្រឹត្តអំពើថោកទាប និងអមនុស្សធម៌ (រំលោភបូក) លើពលករខ្មែរជាស្ត្រីម្នាក់ ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងបានបំពានច្បាប់ទាំងអស់ស្តីពីការការពារសិទ្ធិស្ត្រី និងសិទ្ធិពលករ។
ក្រសួងកិច្ចការនារីថ្កោលទោសខ្លាំងជាថ្មីលើអំពើឃោរឃៅ ការគំរាមកំហែង ទារប្រាក់ និងការយកទ្រព្យសម្បត្តិរបស់ក្រុមទាហានឈុតខ្មៅ ដែលបានប្រើអំពើហិង្សាយ៉ាងសាហាវលើពលករខ្មែរទាំង ១៣ នាក់។ ក្រសួងចាត់ទុកទង្វើនេះថាជាបទឧក្រិដ្ឋ និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិស្ត្រី សិទ្ធិមនុស្ស និងសិទ្ធិពលករទេសន្តរប្រវេសន៍ ដែលមានការការពារតាមច្បាប់ជាតិនិងមាតិកានានារបស់អង្គការសហប្រជាជាតិ ដូចជា CEDAW, IOM និងសមាគមអាស៊ាន។
បច្ចុប្បន្នក្រសួងកិច្ចការនារី កំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធានាថាជនរងគ្រោះទទួលបានយុត្តិធម៌តាមផ្លូវច្បាប់។ ក្រសួងក៏បានសម្របសម្រួលផ្តល់ជំនួយសុខាភិបាលផ្លូវកាយ និងផ្លូវចិត្តដល់ស្ត្រីរងគ្រោះ ដែលកំពុងទទួលសេវាព្យាបាលនៅមណ្ឌលឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅមន្ទីរពេទ្យបង្អែកខេត្ត។
ជាថ្មីម្តងទៀត ក្រសួងកិច្ចការនារី បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ OHCHR, UN Women និងអង្គការពាក់ព័ន្ធទាំងអស់ ដំណើរការតាមដាន និងជំរុញឱ្យអាជ្ញាធរថៃ ចាត់វិធានការស៊ើបអង្កេត និងនាំអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែង និងផ្តល់យុត្តិធម៌ពេញលេញដល់ជនរងគ្រោះ។
ដោយ៖ KPS99TV


