ថ្មីៗនេះ ស្ថាប័នអនុវត្តច្បាប់ឥណ្ឌូណេស៊ីបានបង្ក្រាបករណីឆបោកឆ្លងដែន និងសំណុំរឿងហិរញ្ញវត្ថុធំមួយ ដោយចាប់ខ្លួនជនសង្ស័យជនជាតិចិនសរុប២៨នាក់ ក្នុងនោះមានអ្នករត់គេចខ្លួនម្នាក់ដែលនគរបាលចិនកំពុងស្វែងរកពាក់ព័ន្ធសំណុំរឿងហិរញ្ញវត្ថុ។
យោងតាមការជូនដំណឹងរបស់ផ្នែកស៊ើបការណ៍អន្តោប្រវេសន៍ឥណ្ឌូណេស៊ី ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សាការតាថ្ងៃទី១៨ ខែវិច្ឆិកា បុរសជនជាតិចិនអាយុ៥៨ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួននៅកោះបាតាម។ បុរសនេះធ្លាប់ជាប្រធាន និងនាយកក្រុមហ៊ុនអចលនទ្រព្យចិនមួយ ហើយត្រូវអាជ្ញាធរចិនស្វែងរក ពាក់ព័ន្ធករណីខកខានសងកម្ចីសហគ្រាសប្រមាណ៩៨០លានយ័ន។ ប្រតិបត្តិការនេះធ្វើឡើងតាមសំណើផ្លូវការរបស់ស្ថានទូតចិនប្រចាំទីក្រុងហ្សាការតា។
ក្រៅពីនេះ នគរបាលឥណ្ឌូណេស៊ីបានចាប់ខ្លួនជនសង្ស័យ២៧នាក់នៅតំបន់លំនៅឋានប្រណីតមួយក្នុងខេត្តជ្វាខាងលិច ពីបទក្លែងខ្លួនជាមន្ត្រីនគរបាលចិនដើម្បីឆបោក។ ពួកគេត្រូវបានចោទថាបានរៀបចំបរិយាកាសក្លែងក្លាយដូចកន្លែងធ្វើការនគរបាល និងព្យួរបដាក្លែងក្លាយ ដើម្បីឆបោកពលរដ្ឋចិនតាមប្រព័ន្ធទូរគមនាគមន៍។ បច្ចុប្បន្ន ជនសង្ស័យទាំងនេះត្រូវបានប្រគល់ឱ្យអាជ្ញាធរអន្តោប្រវេសន៍ ដើម្បីរង់ចាំបញ្ជូនត្រឡប់ទៅប្រទេសចិន។
រាយការណ៍សរុបដោយស្ថានីយយើង

