ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឯកភាពគ្នាប្រើប្រាស់ដ្រូនបង្កើតផែនទីពីលើអាកាស ដើម្បីថតរូបនៅចន្លោះបង្គោលព្រំដែនលេខ៤២ ដល់៤៧ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យរបស់កម្ពុជានិងខេត្តស្រះកែវ របស់ថៃ។ ក្រោយពីបញ្ចប់កិច្ចការនេះ ប្រទេសទាំងពីរ នឹងដំណើរការការងារបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ៤២ ដល់៤៧ ស្ថិតក្នុងភូមិសាស្រ្តឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ របស់ថៃ។ យ៉ាងណា ចន្លោះបង្គោលព្រំដែនខាងលើ គឺស្ថិតនៅចំណុចដែលកំពុងកើនកម្តៅខ្លាំង ពោលគឺនៅភូមិព្រៃចាន់ និងភូមិជោគជ័យរបស់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា មុននឹងក្រុមការងារវាស់វែងចម្រុះ ចុះអនុវត្តការងាររបស់ខ្លួន ប្រធានក្រុមប្រតិបត្តិការបច្ចេកទេសនៃភាគីកម្ពុជានិងថៃ បានជួបប្រជុំគ្នានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីរៀបចំផែនការអនុវត្តការងារតាមស្មារតីបែបបទណែនាំបច្ចេកទេសគឺតាមប្រព័ន្ធ តិចនីខល អ៊ីនត្រាក់ស៊ិន (Technical Instruction)។ ការចុះបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២ និងលេខ៤៧ គឺធ្វើឡើងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) កម្ពុជា-ថៃកាលពីថ្ងៃ ទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ៕
ដោយ៖ ង៉ែត ពិសាន្ត




