មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(កបប) ខេត្តព្រះសីហនុ តែងតែចុះត្រួតពិនិត្យអំពីគុណភាពម្ហូបអាហារ និងគុណភាពការដាក់តាំងលក់សម្ភារៈវេចខ្ចប់រួច នៅតាមបណ្ដាសាលារៀន ទីផ្សារ និងហាងលក់ដូរនានាទូទាំងខេត្តព្រះសីហនុដូចភ្លៀងរលឹម ហើយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ត្រីសាខា កបប ខេត្តបានចុះរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់ប្អូនៗ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅសាលាអនុវិទ្យាល័យសម្ដេចឪ ស្ថិតនៅក្នុងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ។
ដឹកនាំដោយលោក ឃុន ស៊ីម៉ន ប្រធានសាខា ក.ប.ប. ខេត្តព្រះសីហនុ រួមជាមួយនឹងមន្ត្រីជំនាញ ដោយសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដី និងលោកនាយកសាលាសម្ដេចឪ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកលក់ដូរក្នុងសាលាបានចូលរួម។
ក្នុងវគ្គអប់រំផ្សព្វផ្សាយនាពេលនេះគឺមានការពន្យល់នូវច្បាប់ដោយមន្ត្រីជំនាញសាខា កបប ខេត្តព្រះសីហនុ រួមមាន៖ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង។ ជាពិសេស បច្ចុប្បន្នជំងឺទឹកនោមផ្អែមការកើតឡើងពាក់ព័ន្ធនឹងអាហារូបត្ថម្ភ ដោយសារប្រជាពលរដ្ឋច្រើនតែងប្រើប្រាស់អាហារមានជាតិផ្អែមកំរិតខ្ពស់តាំងតែពីក្មេងវ័យទៅ និងអាហារមានជាតិខ្លាញ់ច្រើន។
យោងតាមអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា « បង្កើនការចូលរួមពីសហគមន៍ រដ្ឋបាលរាជធានីខេត្តទាំងអស់ ត្រូវចូលរួមលើកិច្ចការងារនេះ ព្រោះរឿងនេះជារឿងសុខភាពយូរអង្វែងរបស់ប្រជាពលរដ្ឋរបស់យើង ព្រោះកុមារ៨-១០ឆ្នាំនៅថ្ងៃនេះ ថ្ងៃក្រោយនឹងក្លាយជាអ្នកមានកម្លាំងពលកម្មពេញ កុំឲ្យដល់អនាគតពួកគាត់មានជំងឺទឹកនោមផ្អែម ឬមានជំងឺផ្សេងៗដែលជាបន្ទុក»។
ទន្ទឹមនោះ មន្ត្រី ក ប ប បានផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនដល់សិស្សានុសិស្ស គ្រឿងញៀនវាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូលក្នុងនោះយុវជនគឺជាក្រុមដែលងាយរងគ្រោះជាងគេ ។
គ្រឿងញៀនមានផលប៉ះពាល់ភ្លាមៗដល់ផ្លូវកាយ និងផ្លូវចិត្ត ហើយអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់បញ្ញា ស្មារតី និងផ្លូវអារម្មណ៍របស់យុវជន។ ឥទ្ធិពលនៃគ្រឿងញៀនកំពុងបំផ្លាញធនធានមនុស្សកាន់តែច្រើនឡើងៗគួរឲ្យកត់សម្គាល់។ សូមចៀសឆ្ងាយពីគ្រឿងញៀន!
ក្រោយបញ្ចប់វគ្គអប់រំមន្រ្តីជំនាញបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិភាពម្ហូបអាហារ ជូនដល់អ្នកចូលរួមមួយចំនួន និងត្រួតពិនិត្យទំនិញដែលដាក់លក់នៅក្នុងបរិវេណសាលា ដែលជាលទ្ធផលពុំបានរកឃើញទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់នោះទេ និងបានណែនាំដល់អាជីករអំពីការដាក់តាំងលក់ទំនិញម្ហូបអាហារអោយមានសុវត្ថិភាព ជៀសវាងនាំអោយប៉ះពាល់ដល់សុខភាពសិស្សានុសិស្សផងដែរ៕
ដោយ៖ ប៉ៃ សុឃីម










