គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកានេះ ជំនន់ទឹកស្ទឹងពោធិ៍សាត់បានស្រកចុះក្នុងកម្រិតតិចតួចបំផុត ពោលគឺកំពុងបែកវាលដែលអាចពង្រីកផលប៉ះពាល់កាន់តែខ្លាំងដល់ក្រុងនិងស្រុកមួយចំនួននៅក្នុងខេត្តពោធិ៍សាត់។ ជាមួយគ្នា អាជ្ញាធរខេត្តកំពុងអន្តរាគមន៍សង្គ្រោះពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ព្រមទាំងកំណត់គោលដៅផលប៉ះពាល់នៃជំនន់ទឹកភ្លៀងនេះផងដែរ។ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តពោធិ៍សាត់នៅព្រឹកមិញនេះ។ ដោយឡែក ជុំវិញនឹងបញ្ហានេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានធ្វើការយ៉ាងសស្រាក់សស្រាំដឹកនាំកម្លាំងចម្រុះចុះធ្វើអន្តរាគមន៍ដោយផ្ទាល់ ដើម្បីទប់ទល់នឹងស្ថានភាពទឹកស្ទឹងដែលកំពុងជន់លិចដោយសារជំនន់ទឹកភ្លៀងដ៏គំហុកតាំងពីម៉ោង ២ទៀបភ្លឺថ្ងៃទី១៩រហូតដល់ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
មិនតែប៉ុណ្ណោះ ឯកឧត្តមក៏បានបន្តដឹកនាំក្រុមការងារ និងមន្ត្រីជំនាញជិះទូក ចុះពិនិត្យជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងវាយតម្លៃផ្ទាល់អំពីផលប៉ះពាល់នៃជំនន់លិចក្រុង។ ឯកឧត្ដមអភិបាលខេត្ត បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះសត្វពស់ និងគ្រោះថ្នាក់ផ្សេងៗ។ លើសពីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានសម្រេចផ្អាករាល់ការចរាចរណ៍រថយន្តធុនធំទាំងអស់នៅក្នុងក្រុងជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការខូចខាតផ្លូវដែលកំពុងមានបញ្ហាកាន់តែខ្លាំង ជាពិសេសធានាសុវត្ថិភាព ទ្រព្យសម្បត្តិ បង្ការ និងជៀសវាងគ្រោះថ្នាក់ដែលកើតឡើងដោយយថាហេតុ៕
ដោយ៖ ង៉ែត ពិសាន្ត









