ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងធនធានទឹក និងឧតុនិយម បានចេញផ្សាយព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពអាកាសធាតុនៅទូទាំងព្រះរាជាណាចក្រកម្ពុជា សម្រាប់អំឡុងពេលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ២០២៥ ដោយបានឱ្យដឹងថា ខ្យល់មូសុងឦសាននៅតែបន្តមានឥទ្ធិពលលើតំបន់ក្នុងស្រុក និងសមុទ្រជាច្រើន។
តាមការណែនាំរបស់ក្រសួង របបខ្យល់នេះកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងតំបន់ទូលំទូលាយខាងលើប្រទេស ដែលនឹងធ្វើឱ្យលក្ខខណ្ឌអាកាសធាតុបន្តស្ថិតក្នុងសភាពស្ងួត និងសីតុណ្ហភាពមានការប្រែប្រួលខ្លះៗ។
តំបន់វាលទំនាបនឹងមានសីតុណ្ហភាពអប្បបរមា ២០°C និងអតិបរមា ៣០°C ខ្យល់បក់មកពីទិសឦសាន និងបូពីដោយល្បឿនមធ្យម ៥ ម៉ែត្រ/វិនាទី។ ខេត្តស្ថិតក្នុងតំបន់នេះ រួមមាន៖ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ។ តាមព័ត៌មានគ្មានភ្លៀងធ្លាក់នៅតំបន់ទាំងនេះទេ។
តំបន់ខ្ពង់រាបនឹងមានសីតុណ្ហភាពអប្បបរមានៅត្រឹម ២០°C ខណៈសីតុណ្ហភាពអតិបរមា ២៩°C និងខ្យល់បក់មកពីទិសឦសាន និងទិសបូពីយ៉ាងស្រាល។ តំបន់ខ្ពង់រាបរួមមាន៖ កំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងតំបន់ជួរភ្នំដងរែក–ក្រវាញ។ ស្ថានភាពភ្លៀងត្រូវបានប៉ាន់ស្មានថា មិនមាន។
តំបន់មាត់សមុទ្រនឹងមានសីតុណ្ហភាពអប្បបរមា ២០°C និងអតិបរមា ៣០°C ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍។ ខេត្តដែលស្ថិតក្នុងតំបន់នេះ រួមមាន៖ កោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ។ រលកសមុទ្រមានកម្ពស់ ០.៥០ដល់ ១.៥០ ម៉ែត្រ ហើយគ្មានភ្លៀងធ្លាក់នោះទេ។
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តតាមដានព័ត៌មានអាកាសធាតុជាប្រចាំ ដើម្បីធានាសុវត្ថិភាពក្នុងពេលធ្វើដំណើរ និងមុខរបរពាក់ព័ន្ធនឹងស្ថានភាពអាកាសធាតុ។
ដោយ៖ ទូរទស្សន៍ខេត្តព្រះសីហនុ

