ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបដិសេធទាំងស្រុង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះរបាយការណ៍មិនពិត មិនមានវិជ្ជាជីវៈ និងគ្មានមូលដ្ឋានច្បាស់លាស់ ដែលត្រូវបានផ្សាយដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ របាយការណ៍នេះ បានបង្កការយល់ច្រឡំ និងបង្ហាញពីចេតនាអាក្រក់ ដែលមានបំណងញុះញង់ និងបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ការយកចិត្តទុកដាក់ដល់បងប្អូនពលករដែលបានវិលត្រឡប់មកកម្ពុជាវិញ។
ក្រសួងបានបញ្ជាក់ថា របាយការណ៍របស់ HRW មិនត្រឹមតែបំពានលើវិជ្ជាជីវៈ និងស្ដង់ដារផ្សព្វផ្សាយព័ត៌មានទេ ប៉ុន្តែថែមទាំងមិនមានមូលដ្ឋាន និងភស្តុតាងគាំទ្រច្បាស់លាស់ចំពោះការចោទប្រកាន់របស់ខ្លួន។ ក្រសួងការងារបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តអនុវត្តជំហរយ៉ាងសកម្មក្នុងការការពារ សង្គ្រោះ និងផ្តល់ការគាំទ្រដល់ពលករខ្មែរទាំងនៅក្រៅប្រទេស និងពេលដែលពួកគេត្រូវបាននាំត្រឡប់មកវិញ។
ក្រសួងបានអំពាវនាវឱ្យមហាជនកុំឱ្យជឿដល់ព័ត៌មានមិនពិត និងបង្កការច្រឡំដូចជា របាយការណ៍របស់ HRW ហើយបន្តជឿទុកចិត្តលើការងាររបស់រដ្ឋាភិបាលក្នុងការថែទាំសុខុមាលភាព និងសិទ្ធិនានារបស់ពលករខ្មែរ។
ដោយ៖ KPS99TV



