នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន៥ ពាក់ព័ន្ធវិស័យដឹកជញ្ជូនតាមផ្លូវអាកាស, គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ, វឌ្ឍនភាពស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងបញ្ហាផ្សេងៗទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសំណេរលើបណ្ដាញសង្គមឱ្យដឹងថា របៀបវារៈសំខាន់ចំនួន៥ ក្នុងកិច្ចប្រជុំមានដូចជា៖ ទី១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវ អាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន។
ទី២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ច ព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
ទី៣- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១និងទី១២ នៃសេវាកម្មដឹក ជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។
ទី៤- សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ និងទី៥- សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពស្តីពីការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ឆ្នាំ២០២៤៕
ដោយ៖ ង៉ែត ពិសាន្ត






