បន្ទាប់ពីមានការបង្ហោះចែកចាយវីដេអូនៅលើបណ្តាញសង្គមអំពីសកម្មភាពយុវតីសិស្សសាលាមួយក្រុមនៃវិទ្យាល័យស្រែអំបិលមានគ្នាចំនួន៩នាក់ ក្នុងនោះមាន២នាក់ បានព្រួតវាយទៅលើសិស្សស្រីម្នាក់ នៅចំណុចវត្តស្រែអំបិល កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ដែលនាំឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម និងប្រជាពលរដ្ឋ។ ករណីនេះ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ឆ្លើយតបភ្លាមៗដោយនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលបានស្រាវជ្រាវរកក្រុមយុវតីសិស្សសាលាដែលបានបង្ករហិង្សា យកមកសាកសួរបំភ្លឺ ធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យអាណាព្យាបាលមកធានាទទួលយកទៅអប់រំបន្ត។
ចំណាត់ការនេះ ធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងតាមការចង្អុលបង្ហាញរបស់លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក និងជាប្រធានគណបញ្ជាការឯកភាពស្រុកស្រែអំបិល ព្រមទាំងមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ ដូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិល។
គួររំលឹកថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា មានគណនីហ្វេសប៊ុកឈ្មោះ គង់ វុទ្ធី បានបង្ហោះវីដេអូ២ឃ្លីបនៅលើបណ្តាញសង្គមដែលបង្ហាញពីសកម្មភាពហិង្សាដែលបង្កឡើងដោយក្រុមយុវតីសិស្សសាលាមួយក្រុមមានគ្នាចំនួន៩នាក់ ក្នុងនោះមានពីរនាក់ជាជនដៃដល់ បានវាយទៅលើសិស្សស្រីម្នាក់ ឈ្មោះ ចម្រើន វត្តី ដែលរៀននៅវិទ្យាល័យស្រែអំបិលដូចគ្នា។ លោក គង់ វុទ្ធី បានស្នើលោកនាយកវិទ្យាល័យស្រែអំបិលមេត្តាជួយចាត់វិធានការទៅលើសិស្សស្រីចំនួន ៩នាក់នេះយកមកធ្វើការអប់រំណែនាំ និងបញ្ជូនទៅឱ្យអាណាព្យាបាលនិងយកមកដោះស្រាយទៅតាមផ្លូវច្បាប់។ ក្រោយពីមានការបង្ហោះសារភ្ជាប់ជាមួយនិងឃ្លីបវីដេអូនៅលើបណ្តាញសង្គមដូច្នេះ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានកោះហៅយុវតីសិស្សសាលាទាំងនោះ មកធ្វើការសាកសួរបំភ្លឺ អប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យអាណាព្យាបាលមកធានាទទួលយកទៅអប់រំបន្តផងដែរ៕
ដោយ៖ ង៉ែត ពិសាន្ត






