សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងថា មេរោគអេដស៍មិនទាន់បំបាត់អស់នៅឡើយទេ។ ខណៈជំងឺអេដស៍នៅតែជាបញ្ហាសុខភាពសាធារណៈមួយដែលបានប៉ះពាល់ដល់ជីវិតមនុស្សជាច្រើន រួមទាំងជះផលអវិជ្ជមានដល់សង្គម សេដ្ឋកិច្ចនៅទូទាំងពិភពលោក។ ជាក់ស្តែង អ្នកផ្ទុកមេរោគអេដស៍ប្រមាណជាង៤,០០០នាក់នូវមិនទាន់បានមកធ្វើតេស្តរកមេរោគអេដស៍ និងទទួលការព្យាបាលឱ្យបានទាន់ពេលនៅឡើយ។
តាមរយៈសារលិខិតរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ ឆ្នូ ឆ្នាំ២០២៥ ដែលបានចុះផ្សាយនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ បានបញ្ជាក់ថា៖ «យើងទាំងអស់គ្នាត្រូវខិតខំបន្ថែមទៀតក្នុងការផ្សព្វផ្សាយស្វែងរកអ្នកផ្ទុកមេរោគអេដស៍ប្រមាណជាង៤,០០០នាក់ដែលមិនទាន់បានដឹងពីស្ថានភាពរបស់ពួកគេឱ្យមកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ ដើម្បីទទួលបានការព្យាបាលទាន់ពេល»។ ជាមួយគ្នា កម្ពុជាបានធ្វើការឆ្លើយតបដោយឆ្ពោះទៅមុខគួរឱ្យកត់សម្គាល់ ខណៈវិធីសាស្រ្តបរិវត្តកម្ម គឺជាការចាំបាច់ក្នុងការកាត់បន្ថយហានិភ័យ និងជួយឱ្យសម្រេចបាននូវគោលដៅរួមទាំងលើការបង្ការ ការថែទាំ ការព្យាបាល និងការគាំទ្រ។
លើសពីនេះ អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជា ត្រូវបានរាប់បញ្ចូលក្នុងចំណោមប្រជាជនក្រីក្រកំពុងទទួលបាននូវផលប្រយោជន៍នៃកម្មវិធីគាំពារសង្គមកាន់តែទូលំលាយ។ នេះបញ្ជាក់ថា គិតពីពេលចាប់ផ្តើមអនុវត្តកម្មវិធីក្នុងត្រីមាសទី១ឆ្នាំ២០២២ រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៥ អ្នកផ្ទុកមេរោគអេដស៍ចំនួន ៥៣,៨២១នាក់ បានទទួលប័ណ្ណមូលនិធិសមធម៌សុខាភិបាលស្មើនឹង ៧៥ភាគរយនៃអ្នកផ្ទុកមេរោគអេដស៍សកម្មចំនួន ៧១,៧១៦នាក់។ ចំណែក ប្រជាជនគន្លឹះចំនួន ១៥,៤៥៤នាក់ បានទទួលប័ណ្ណមូលនិធិសមធម៌សុខាភិបាលនៅត្រីមាសទី១ ឆ្នាំ២០២៥។
ជាការកត់សម្គាល៖ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ធ្នូ ឆ្នាំ២០២៥នេះ នឹងធ្វើឡើងក្រោមប្រធានបទ៖ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» ដែលមានន័យសំខាន់ក្នុងការជំរុញឱ្យសង្គមខិតខំប្រឹងប្រែងបន្តការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធិភាព និងមានភាពរឹងមាំជាងមុន៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត






