រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អ្នកនាំពាក្យ៖ជនជាតិចិនដែលថៃថាជាជនរងគ្រោះជាន់មីនគឺគ្មានឈ្មោះក្នុងទិន្នន័យអ្នកដំណើរចេញ-ចូលកម្ពុជាឡើយ

KPS99TV

សេចក្តីសង្ខេប

ក្រសួងការពារជាតិកម្ពុជា បានប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់ភាគីថៃពាក់ព័ន្ធករណីជនជាតិចិនជាន់មីននៅតាមព្រំដែនកម្ពុជា-ថៃ។ ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ជនជាតិចិនឈ្មោះ SHI JINGUI កាន់លិខិតឆ្លងដែនលេខ 2356975263 ដែលអាជ្ញាធរថៃផ្សាយថាជាជនរងគ្រោះក្នុងឧបទ្ទវហេតុជាន់មីននោះត្រូវបានក្រសួងមហាផ្ទៃកម្ពុជា បញ្ជាក់ថា ពុំមានឈ្មោះនៅក្នុងប្រព័ន្ធទិន្នន័យកត់ត្រាអ្នកដំណើរចេញ-ចូលប្រទេសកម្ពុជារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះឡើយ។

ក្រសួងការពារជាតិកម្ពុជា បានប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់ភាគីថៃពាក់ព័ន្ធករណីជនជាតិចិនជាន់មីននៅតាមព្រំដែនកម្ពុជា-ថៃ។ ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ជនជាតិចិនឈ្មោះ SHI JINGUI កាន់លិខិតឆ្លងដែនលេខ 2356975263 ដែលអាជ្ញាធរថៃផ្សាយថាជាជនរងគ្រោះក្នុងឧបទ្ទវហេតុជាន់មីននោះត្រូវបានក្រសួងមហាផ្ទៃកម្ពុជា បញ្ជាក់ថា ពុំមានឈ្មោះនៅក្នុងប្រព័ន្ធទិន្នន័យកត់ត្រាអ្នកដំណើរចេញ-ចូលប្រទេសកម្ពុជារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះឡើយ។ ការចេញមកបញ្ជាក់និងបដិសេធរបស់ក្រសួងការពាជាតិកម្ពុជា ធ្វើឡើងបន្ទាប់ពីកងទ័ពថៃយកករណីបុរសជនជាតិចិនម្នាក់ដើរជាន់មីន មកចង្អុលដាក់កម្ពុជាថា បន្តប្រើប្រាស់មីនតាមបណ្តោយព្រំដែនដែលបង្កគ្រោះថ្នាក់ដល់យោធា និងជនស៊ីវិល។

យ៉ាងណា យោងតាមសេចក្តីរាយការណ៍ពីយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កងការពារព្រំដែនលេខ៥០៣របស់កម្ពុជា ដែលឈរជើងនៅក្នុងភូមិសាស្រ្តភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឮសូរសំឡេងផ្ទុះគ្រាប់មីនចំនួន០១គ្រាប់។ ជាក់ស្តែង បើតាមការពិនិត្យទីតាំងឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ចម្ការមីនរបស់កម្ពុជា ដែលមានគ្រាប់មីនចាស់មិនទាន់ផ្ទុះដែលជាសំណល់ពីសម័យសង្គ្រាមជាយូរឆ្នាំមកហើយ។

ប៉ុន្តែទោះបីជាយ៉ាងណា ក្រសួងការពារជាតិ បានបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាគោរពអនុវត្តច្បាប់អន្តរជាតិ និងមិនដែលដាក់មីនថ្មីនោះទេ។ លើសពីនេះ កម្ពុជាមិនត្រឹមតែបានខិតខំប្រឹងប្រែងបោសសម្អាតមីនដែលនៅសេសសល់ពីសង្គ្រាម ដើម្បីការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមយ៉ាងសកម្មនៅក្នុងការងារដោះមីននៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិផងដែរ។

ចំណែក ពាក់ព័ន្ធនឹងការងារដោះមីនមនុស្សធម៌តាមព្រំដែនកម្ពុជា-ថៃ ក្រុមការងាររបស់អង្គភាព CMAC និង TMAC, ក្នុងនាមជាសេនាធិការឱ្យក្រុមការងារ JCTF, បានចុះទៅសិក្សាវាយតម្លៃ និងបន្តប្រជុំពិភាក្សាលើទីតាំងសាកល្បងនៅក្នុងតំបន់អាទិភាពនៅព្រំដែន ដោយទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់។ ក្នុងន័យនេះ ភាគីកម្ពុជាជំរុញឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នារួចមកហើយ ដោយការងារដោះមីនមនុស្សធម៌នៅតាមព្រំដែន ត្រូវធ្វើឡើងតាមរយៈក្រុមការងារ JCTF និងស្របតាម SOP ដែលបានឯកភាពគ្នា៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…