រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កុមារដែលបានទប់ស្កាត់ពីការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាសផលិតឥដ្ឋ ក្បឿង ទទូលបានសម្ភារសិក្សា និងមធ្យោបាយធ្វើដំណើរ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយនាយកដ្ឋានការងារកុមារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៥បានរៀបចំចែកសម្ភារសិក្សា និងមធ្យោបាយធ្វើដំណើរជូនកុមារ ដែលបានទប់ស្កាត់ពីការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាសផលិតឥដ្ឋ ក្បឿង តាមរយៈកិច្ចអន្តរាគមន៍ស្នូលឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម វ៉េង ហៀង អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក លាត ភិរុណ អភិបាលរងខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នាយកដ្ឋានការងារកុមារ នាយកដ្ឋានអធិការកិច្ចការងារ មន្ទីរ អង្គភាពពាក់ព័ន្ធ អង្គការដៃគូ គណៈអភិបាល អធិការនគរបាល កងរាជអាវុធ ហត្ថស្រុក ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ ម្ចាស់សិប្បកម្ម កុមារ និងអាណាព្យាបាលកុមារ ស្រុកព្រះស្តេច ស្រុកពាមរក៍ ស្រុកស្វាយអន្ទរ ស្រុកកញ្ជៀច និងស្រុកស៊ីធរកណ្តាលសរុបប្រមាណ១៩៥នាក់ ស្រី៩១នាក់ដែលប្រព្រឹត្តទៅនៅបរិវេណសាលាស្រុកស្វាយអន្ទរខេត្តព្រៃវែង។

ឆ្លៀតក្នុងឱកាសនេះផងដែរលោក ណុប សាវ៉ាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រៃវែងបានអនុវត្តកិច្ចអន្តរាគមន៍ស្នូលចាប់តាំងពីឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្នដែលមានរយៈពេល ២ឆ្នាំ (ឆ្នាំ២០២៤ និងឆ្នាំ២០២៥) ដែលបានជួយកុមារងាយរងគ្រោះសរុប១០០នាក់ ស្រី៤៥នាក់ ក្នុងនោះកុមារទប់ស្កាត់ចំនួន១០០នាក់ ស្រី៤៥នាក់ និងកុមារបន្តការគាំពារចំនួន៩០នាក់ ស្រី៤០នាក់ ។

តាមរយៈថវិកាកម្មវិធីឆ្នាំ២០២៥ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានទទួលថវិកាសម្រាប់អនុវត្តកិច្ចអន្តរាគមន៍ស្រុក ចំនួន៩០នាក់(បន្តគាំពារ៤០នាក់ និងទប់ស្កាត់៥០នាក់)ក្នុងស្រុកគោលដៅចំនួន៥មានស្រុកព្រះស្តេច ស្រុកពាមរក៍ ស្រុកស្វាយអន្ទរ ស្រុកកញ្ជ្រៀច និងស្រុកស៊ីធរកណ្តាលខេត្តព្រៃវែង ។

តាមរយៈការចុះសម្ភាសន៍ និងវាយតម្លៃកុមារងាយរងគ្រោះសិប្បកម្មផលិតឥដ្ឋ ក្បឿង ចំនួន៩០នាក់ ស្រី៤៥នាក់ ទទួលបានគម្រោងកិច្ចអន្តរាគមន៍ស្នូលដែលកុមារទាំងនោះទទួលបានការបំប៉នការអប់រំ សម្ភារសិក្សា និងមធ្យោបាយធ្វើដំណើរ ។

សម្រាប់ឆ្នាំ២០២៥នេះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រៃវែង និងអាជ្ញាធរមូលដ្ឋានបានចុះស្រង់ស្ថិតិ និងសម្ភាសន៍កុមារងាយរងគ្រោះចំនួន៦០នាក់(ស្រី២៦នាក់)ដែលរស់នៅជុំវិញបរិវេណ សិប្បកម្មផលិតឥដ្ឋចំនួន១៨ទីតាំងនៅស្រុកព្រះស្តេច ស្រុកពាមរក៍ ស្រុកស្វាយអន្ទរ ស្រុកកញ្ចៀច និងស្រុកស៊ីធរកណ្តាល។ ក្នុងនោះក្រុមការងារបានកំណត់អត្តសញ្ញាណកុមារគោលដៅដែលទទួលកិច្ចអន្តរាគមន៍ស្នូលចំនួន៥០នាក់(ស្រី២០នាក់)

លោក លាត ភិរុណ អភិបាលរងខេត្តព្រៃវែងមានប្រសាសន៍ថា កិច្ចអន្តរាគមន៍ស្នូលគឺជាផ្នែកមួយនៃកិច្ចអន្តរាគមន៍សង្គមក្នុងការជួយទប់ស្កាត់កុមារពីការធ្លាក់ចូលក្នុងទម្រង់ធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ការងារ និងកិច្ចការពារ ឬសង្គ្រោះកុមារក្នុងស្ថានភាពដែលកុមារបានប្រឈមនឹងគ្រោះថ្នាក់ការងារ ឬជាពលកម្មកុមារ។

កិច្ចអន្តរាគមន៍ស្នូលពឹងផ្អែកសំខាន់ទៅលើយន្តការបង្អែក ឬកិច្ចគាំពារសង្គមសម្រាប់កុមារដូចជាការផ្តល់ឱកាសឱ្យកុមារទទួលបានការអប់រំការបណ្តុះបណ្តាលជំនាញ និងកម្មវិធីបង្កើតមុខរបរសម្រាប់កុមារ និងក្រុមគ្រួសាររបស់ពួកគេ។

ឯកឧត្តម វ៉េង ហៀង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍លើកឡើងដែរថា ដោយបានការយកចិត្តទុកដាកខ្ពស់ពីរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានបន្តផ្តល់ការគាំទ្រ និងអនុញ្ញាតឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានកញ្ចប់ថវិកាសម្រាប់អនុវត្តគម្រោងកិច្ចអន្តរាគមន៍ស្នូលដើម្បីទប់ស្កាត់ការពារ និងបន្តការគាំពារកុមារនៅតាមសិប្បកម្មផលិតឥដ្ឋ ក្បឿង ដើម្បីឈានទៅលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារនៅប្រទេសកម្ពុជានេះ និយាយជារួម និងនិយាយដោយឡែកគឺនៅក្នុងដែនសមត្ថកិច្ចខេត្តព្រៃវែងផងដែរ ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…