រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ធនាគារជាតិនៃកម្ពុជា ដកហូតអាជ្ញាប័ណ្ណ HUIONE PAY និងប្រកាសបញ្ចប់កាតព្វកិច្ចសងបំណុលចប់សព្វគ្រប់ ព្រមទាំងព្រមានអំពីប្រតិបត្តិការគ្រីបតូខុសច្បាប់

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហ៊ួយវ័ន ផេ ម.ក (HUIONE PAY PLC.) ត្រូវបានដកហូតអាជ្ញាប័ណ្ណប្រតិបត្តិការ យោងតាមលិខិតលេខ ធ១៤.០២៤.២០២៦ ឆ.ត ចុះថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ របស់ធនាគារជាតិនៃកម្ពុជា។ បន្ទាប់ពីនោះ ការជម្រះបញ្ជីរំលាយគ្រឹះស្ថានត្រូវបានបញ្ចប់ជាស្ថាពរដោយក្រុមហ៊ុនសវនកម្ម REACHS & PARTNERS Co., Ltd យោងតាមសេចក្តីសម្រេចលេខ ១០៨១ ព.ណ.ចបព ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ របស់ក្រសួងពាណិជ្ជកម្ម។ ក្នុងន័យនេះ កាតព្វកិច្ចទូទាត់ដល់ម្ចាស់បំណុល (រួមទាំងអតិថិជន) របស់គ្រឹះស្ថានបានបញ្ចប់សព្វគ្រប់តាមនីតិវិធីច្បាប់។

ជានិច្ច ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញការធ្វើប្រតិបត្តិការទិញលក់ ឬទូទាត់ទ្រព្យសកម្មគ្រីបតូ ដែលផ្ទុយពីខ្លឹមសារប្រកាសលេខ ធ៧.០២៤.៧៣៥ ប្រ.ក ចុះថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ ស្តីពី «ប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ» និងផ្ទុយពីសេចក្តីថ្លែងការណ៍រួមរបស់ ធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៨។ សកម្មភាពខុសច្បាប់ទាំងនេះ អាចបង្កហានិភ័យដល់ប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា និងសុវត្ថិភាពសាធារណៈជនផងដែរ។

ធនាគារជាតិនៃកម្ពុជាជម្រាបជូនថា រហូតដល់ពេលបច្ចុប្បន្ននេះ មិនទាន់មានគ្រឹះស្ថានធនាគារ ឬហិរញ្ញវត្ថុណាមួយ ទទួលបានអាជ្ញាប័ណ្ណផ្តល់សេវាពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូឡើយ។

ដើម្បីធានាសុវត្ថិភាពហិរញ្ញវត្ថុ និងការពារប្រយោជន៍សាធារណៈ ធនាគារជាតិនៃកម្ពុជា សូមរំលឹកដល់សាធារណជន និងគ្រប់គ្រឹះស្ថានធនាគារ–ហិរញ្ញវត្ថុ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រតិបត្តិការដែលពាក់ព័ន្ធនឹងគ្រីបតូ និងបន្តអនុវត្តតាមបទប្បញ្ញត្តិ និងសេចក្តីថ្លែងការណ៍រួមដែលបានប្រកាសជាផ្លូវការ។ 

ដោយសេចក្តីជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។ ទំនាក់ទំនង៖ អង្គភាពទំនាក់ទំនង ធនាគារជាតិនៃកម្ពុជា ទូរស័ព្ទ៖ (៨៥៥) ២៣ ៩៩០ ១៩៦។

ដោយ៖KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…