ថ្មីៗនេះ នគរបាលកម្ពុជាបានចាប់ខ្លួនស្ត្រីជនជាតិឥណ្ឌូណេស៊ីម្នាក់នៅខេត្តព្រះសីហនុ ដែលជាមុខសញ្ញាស្វែងរកតាមនិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ ដោយសង្ស័យពាក់ព័ន្ធបទល្មើសជួញដូរមនុស្ស និងគ្រឿងញៀន។ ក្រោយមក ស្ត្រីរូបនេះត្រូវបានប្រគល់ជូននគរបាលឥណ្ឌូណេស៊ី ដើម្បីនាំត្រឡប់ទៅប្រទេសដើមតាមនីតិវិធីច្បាប់។
យោងតាមសេចក្តីជូនដំណឹងរបស់នាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ស្ត្រីឈ្មោះ ASTUTIK DEWI អាយុ៤២ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី ត្រូវបានឃាត់ខ្លួននៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ នារសៀលថ្ងៃទី១ ខែធ្នូ។ នាងជាមុខសញ្ញាស្វែងរកតាមនិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ ចាប់តាំងពីថ្ងៃទី១២ ខែមីនា ឆ្នាំនេះ ពាក់ព័ន្ធសំណុំរឿងជួញដូរមនុស្ស និងគ្រឿងញៀន។
នៅថ្ងៃបន្ទាប់ពីការចាប់ខ្លួន គឺថ្ងៃទី២ ខែធ្នូ ភាគីកម្ពុជាបានប្រគល់ស្ត្រីរូបនេះជូននគរបាលឥណ្ឌូណេស៊ីតាមនីតិវិធីច្បាប់ ហើយនាងត្រូវបាននាំត្រឡប់ទៅប្រទេសដើមតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ អាជ្ញាធរអនុវត្តច្បាប់បានចាត់ទុកប្រតិបត្តិការនេះថា ជាសកម្មភាពសំខាន់នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិរបស់កម្ពុជា និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន។
នគរបាលបានបន្ថែមថា ក្នុងពេលប្រតិបត្តិការចាប់ខ្លួន ក៏បានចាប់ខ្លួនបុរសជនជាតិប៉ាគីស្ថានម្នាក់ទៀត និងដកហូតរថយន្តពណ៌សមួយគ្រឿង។ ភាគីកម្ពុជាបញ្ជាក់ថា នឹងបន្តសហការជិតស្និទ្ធជាមួយស្ថាប័នអន្តរជាតិ ដើម្បីបង្ក្រាបបណ្តាញជួញដូរមនុស្ស និងគ្រឿងញៀនឆ្លងដែន ការពារសន្តិសុខក្នុងតំបន់ និងធានាអានុភាពទប់ស្កាត់នៃច្បាប់។
សេចក្តីរាយការណ៍សរុបរបស់ស្ថានីយ៍យើង



