យោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរយៈពេល១១ខែដំបូងឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងសំណង់សរុប៣.៥០៣គម្រោង មានផ្ទៃក្រឡាសំណង់ជាង១៨លានម៉ែត្រការ៉េ និងទុនវិនិយោគសរុប៧,៣២ពាន់លានដុល្លារ។ បើធៀបនឹង៤,៣៣៤ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាឆ្នាំ២០២៤ ទុនវិនិយោគបានកើនជិត៦៩% ដែលឆ្លុះបញ្ចាំងពីការងើបឡើងវិញជាបន្តបន្ទាប់នៃវិស័យសំណង់ និងទីផ្សារអចលនទ្រព្យ។ ក្នុងនោះ គម្រោងដែលទទួលបានលិខិតអនុញ្ញាតសាងសង់ពីថ្នាក់ក្រសួងមាន៥២១គម្រោង ទុនវិនិយោគប្រមាណ៦,៧៤ពាន់លានដុល្លារ ដោយការវិនិយោគលើគម្រោងធំៗកើនឡើងគួរឱ្យកត់សម្គាល់។ អាជ្ញាធររាជធានី ខេត្តបានអនុម័ត២.៩៨២គម្រោង មានទុនប្រមាណ៥៧៩លានដុល្លារ កើន២៨%ធៀបនឹងឆ្នាំមុន។
ចាប់តាំងពីអនុវត្តប្រព័ន្ធលិខិតអនុញ្ញាតសាងសង់ក្នុងឆ្នាំ២០០០ កម្ពុជាបានចេញលិខិតអនុញ្ញាតសរុប៧២.៨២០ករណី មានទុនវិនិយោគសរុបប្រមាណ៨៧,៦៩៦ពាន់លានដុល្លារ។ ក្រសួងបានបញ្ជាក់ថា វិស័យសំណង់ជាសសរស្តម្ភមួយនៃសេដ្ឋកិច្ចជាតិ និងមានតួនាទីសំខាន់ក្នុងការស្តារសង្គម និងអភិវឌ្ឍសេដ្ឋកិច្ច។ រដ្ឋាភិបាលបន្តកែលម្អបរិយាកាសវិនិយោគ បទប្បញ្ញត្តិ និងស្តង់ដារបច្ចេកទេស ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ចាត់វិធានការលើការរំលោភដីរដ្ឋ ការសាងសង់គ្មានលិខិតអនុញ្ញាត និងការសាងសង់ខុសបទប្បញ្ញត្តិ។ ការដ្ឋានសំណង់ត្រូវមានប្រព័ន្ធរងកករ និងប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីការពារប្រព័ន្ធលូសាធារណៈ និងគុណភាពបរិស្ថានទីក្រុង។ រហូតមកដល់ពេលនេះ គម្រោងចំនួន២២៨មានអគារកម្ពស់ចាប់ពី៥ជាន់ឡើងទៅសរុប២៨៨អគារ ក្នុងនោះភ្នំពេញ១០៣អគារ ព្រះសីហនុ៣១អគារ បន្ទាយមានជ័យ១១១អគារ និងខេត្តផ្សេងទៀត៤៣អគារ ដែលបង្ហាញពីសកម្មភាពវិនិយោគលើអគារខ្ពស់ធំៗ។
សេចក្តីរាយការណ៍សរុបរបស់ស្ថានីយ៍យើង

