ទីតាំងក្លិបរាំលេងកម្សាន្តចំនួន២ទីតាំង នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ក្នុងនោះមានក្លិបកម្សាន្ត XZoom ដែលល្បីពេញបណ្ដាញសង្គមខាងរាំរែក ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចនៃខណ្ឌពោធិ៍សែនជ័យ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចូលត្រួតពិនិត្យនិងណែនាំម្ចាស់ទីតាំងក្លិបដែលល្បីខ្លាំងនេះអំពីច្រកសុវត្ថិភាព (ច្រកអាសន្ន)។ ការចុះពិនិត្យទីតាំងក្លិបខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥។
អាជ្ញាធរខណ្ឌ បានឱ្យដឹងថា ទីតាំងអាជីវកម្មក្លិបកម្សាន្តទាំង២ទីតាំង មានទី១.ទីតាំងអាជីវកម្មក្លិប X-ZOOM ស្ថិតនៅមហាវិថីចោមចៅ (ផ្លូវវេងស្រេង) ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ទី២.ទីតាំងអាជីវកម្មក្លិប HOKI ស្ថិតនៅមហាវិថីចោមចៅ(ផ្លូវវេងស្រេង) ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ក្រុមការងារបានធ្វើការណែនាំដូចជា ត្រូវស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មឱ្យបានត្រឹមត្រូវ, ហាមជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ, ហាមមិនឱ្យប្រើប្រាស់បារីអេឡិចត្រូនិចគ្រប់ប្រភេទ, ត្រូវរៀបចំច្រកសុវត្ថិភាព (ច្រកអាសន្ន) ឱ្យបានត្រឹមត្រូវ, ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន។ ការចុះពិនិត្យទីតាំងក្លិបខាងលើនេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញពីលោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចុះផ្ទាល់ដោយ លោក ផុន សុផាន អភិបាលរងខណ្ឌ៕ ដោយ៖ ង៉ែត ពិសាន្ត







