រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាបើកច្រកទីផ្សារអង្ករថ្មីជាមួយហ្វីលីពីន

KPS99TV

សេចក្តីសង្ខេប

ក្រុមហ៊ុនហ្វីលីពីន និងសហព័ន្ធស្រូវអង្ករកម្ពុជាត្រៀមចរចាអំពីលទ្ធភាពនាំចេញអង្ករ ក្រោយជំនួបជាមួយរដ្ឋមន្ត្រីកសិកម្មកម្ពុជានៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជំរុញការបញ្ជាទិញដោយផ្ទាល់ និងបើកទីផ្សារបន្ថែមសម្រាប់កសិករ។

ក្រុមហ៊ុនហ្វីលីពីននិងសហព័ន្ធស្រូវអង្ករកម្ពុជាត្រៀមចរចាលម្អិតអំពីលទ្ធភាពនៃការនាំចេញ និងជំរុញឱ្យការបញ្ជាទិញអង្ករពីប្រទេសកម្ពុជាក្នុងពេលឆាប់ៗ ខណៈហ្វីលីពីនទទួលបានប្រភពផ្គត់ផ្គង់អង្ករដែលមានគុណភាពខ្ពស់ ចំណែកកម្ពុជានឹងទទួលបានទីផ្សារអន្តរជាតិថ្មីមួយទៀត។

ការអះអាងខាងលើ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូក្រុមហ៊ុនហ្វីលីពីន ដឹកនាំដោយលោក Joseph Rudolf Lo ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Food Terminal Incorporated នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតនិងក្រោមការសម្របសម្រួលដោយផ្ទាល់ពីសំណាក់ក្រសួងកសិកម្មកម្ពុជា និងហ្វីលីពីន។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិនិត្យលទ្ធភាពនៃការបញ្ជាទិញអង្ករដោយផ្ទាល់ពីកម្ពុជា ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារប្រទេសហ្វីលីពីន ដែលជាការបើកច្រកទីផ្សារស្រូវបន្ថែមទៀតជូនដល់កសិករកម្ពុជា។

ក្រសួងកសិកម្មកម្ពុជា បានបញ្ជាក់លើបណ្តាញសង្គមហ្វេសប៊ុកថា ដើម្បីធ្វើឱ្យកិច្ចការនេះកាន់តែមានប្រសិទ្ធភាព ក្រសួងកសិកម្មបានសម្របសម្រួលឱ្យមានជំនួបដោយផ្ទាល់រវាងគណៈប្រតិភូក្រុមហ៊ុនហ្វីលីពីន និងសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីចរចាលម្អិតអំពីលទ្ធភាពនៃការនាំចេញ និងជំរុញឱ្យការបញ្ជាទិញនេះអាចកើតឡើងក្នុងពេលឆាប់ៗ។

ជាមួយគ្នា ក្រសួងបញ្ជាក់បន្ថែមថា ការតភ្ជាប់ទំនាក់ទំនងកសិពាណិជ្ជកម្មថ្មីនេះ នឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ។ ភាគីហ្វីលីពីននឹងទទួលបានប្រភពផ្គត់ផ្គង់អង្ករដែលមានគុណភាពខ្ពស់ ខណៈដែលកម្ពុជានឹងទទួលបានទីផ្សារអន្តរជាតិថ្មីមួយទៀត។ ចំណែក ការបើកទីផ្សារអង្ករថ្មីនេះ ក៏នឹងជួយឱ្យរោងម៉ាស៊ីនកិនស្រូវដៃគូរបស់ក្រសួងកសិកម្មមានលទ្ធភាពក្នុងការប្រមូលទិញស្រូវពីបងប្អូនប្រជាកសិកររបស់យើងបានកាន់តែច្រើន និងទូលំទូលាយជាងមុន៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…