រថយន្ត Toyota ViGo ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 2BT-2837 មួយគ្រឿងដែលដឹកទំនិញជ្រុះលើផ្លូវល្បឿនលឿន ត្រូវបានក្រុមការងារក្រុមហ៊ុនសហការជាមួយនគរបាលប្រចាំផ្លូវល្បឿនលឿន ឃាត់ធ្វើកិច្ចសន្យាអប់រំណែនាំ និងពិន័យតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ ការឈានទៅឃាត់ធ្វើកិច្ចសន្យាអប់រំ និងពិន័យតាមច្បាប់ដូច្នេះ ដោយសារមានប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវល្បឿនលឿន បានឃើញរថយន្តខាងលើ បានបើកលឿនគ្មានការប្រុងប្រយ័ត្នបណ្ដាលឱ្យធ្លាក់ទូរទំនិញលើផ្លូវល្បឿនលឿនបែកផ្កាភ្លើងពេញផ្លូវ ប៉ុន្តែសំណាងល្អមិនបង្កការគ្រោះថ្នាក់ដល់អ្នកដទៃ។
ក្រោយពីកើតមានហេតុការណ៍នោះភ្លាម ឯកឧត្តម ផន រឹម បានអំពាវនាវឱ្យម្ចាស់រថយន្តមានភិនភាគខាងលើឱ្យចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ប៉ុន្តែបច្ចុប្បន្ន ម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចជំនាញធ្វើកិច្ចសន្យាអប់រំណែនាំ និងពិន័យតាមច្បាប់រួចរាល់ហើយ៕
ដោយ៖ ង៉ែត ពិសាន្ត



