រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

យោធាថៃបន្តបាញ់ប្រហារមកលើកងទ័ពនិងទីតាំងជនស៊ីវិលកម្ពុជានៅឡើយគិតត្រឹមម៉ោង ១១ថ្ងៃទី០៨ខែធ្នូនេះ!

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

គិតត្រឹមម៉ោង១១:០០នាទីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃនៅបន្តបាញ់ប្រហារមកលើកងទ័ពនិងលើទីតាំងជនស៊ីវិលកម្ពុជានៅឡើយ ខណៈកងកម្លាំងកម្ពុជាបាននឹងកំពុងបន្តតាមដានលើការវិវត្តនៃស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ នេះបើតាមអ្នកនាំពាក្យក្រសួងការជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា។ យោធាថៃបានបន្តបើកការបាញ់ប្រហារសាជាថ្មីមកលើកងកម្លាំងកម្ពុជា ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទីព្រឹក នៅតំបន់អានសេះ ប្រាសាទតាមាន់ធំ តំបន់ប្រាសាទព្រះវិហារ ៥មករា ចំការចេក មុំបី ភ្នំខ្មោច គោល៨ ប្រាសាទតាក្របី និងនៅប្រាសាទខ្នារ បន្ទាប់ពីភាគីថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជានៅវេលាម៉ោង២:១៥នាទីរសៀលកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ ការបើកការបាញ់ប្រហាររបស់យោធាថៃលើកនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ ជាមួយគ្នានេះខាងភាគីថៃបានបញ្ចេញនូវការផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់ទាំងក្នុងបណ្តាញផ្លូវការ និងក្រៅផ្លូវការនូវព័ត៌មានមិនពិតចោទប្រកាន់ មួលបង្កាច់មកលើកម្ពុជា ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេស ដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ។

អ្នកនាំពាក្យក្រសួងការជាតិ បានបញ្ជាក់ថា យោធាថៃបានបន្តផ្តើមធ្វើសកម្មភាពបង្កហេតុជាបន្តបន្ទាប់ដោយនៅវេលាម៉ោង ០៤:០០នាទី រថយន្តធន់ធំចំនួន ២គ្រឿងរបស់យោធាថៃដឹកកងកម្លាំងរបស់ខ្លួនពីភ្នំរើងចូលមកខាងមុខតំបន់អានសេះ។ ម៉ោង ០៥:០៤នាទីយោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជា ដោយបាញ់កាំភ្លើងដៃ ចំនួន ២៥គ្រាប់។ ម៉ោង ០៥:១៩នាទី យោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជា ដោយបាញ់កាំភ្លើងដៃចំនួន ៣៨ គ្រាប់។ ម៉ោង ០៥:២៥នាទី យោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជា ដោយបាញ់កាំភ្លើងដៃ និងកាំភ្លើងយន្តចំនួន ១២០គ្រាប់។ ម៉ោង ០៥:៤០នាទី យោធាថៃបានផ្អាកការបាញ់ប្រហារ ប៉ុន្ដែកងកម្លាំងកម្ពុជាបាននឹងកំពុងបន្តតាមដានលើការវិវត្តនៃស្ថានការណ៍នៅ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ ម៉ោង ០៦:១៣នាទី យោធាថៃបានចាប់ផ្ដើមបាញ់ប្រហារម្ដងទៀតដោយប្រើប្រាស់កាំភ្លើងMT60 ចំនួន ៣គ្រាប់។

ម៉ោង ០៦:២២នាទី យោធាថៃបានបន្ដបាញ់កាំភ្លើងត្បាល់ចំនួន ៤គ្រាប់ និងកាំភ្លើងយន្ដថ្មើរជើងចូលខ្សែត្រៀមរបស់កងកម្លាំងកម្ពុជា នៅតំបន់អានសេះ។ ម៉ោង ០៦:៥១នាទី យោធាថៃចាប់ផ្ដើមវាយប្រហារចូលតំបន់ប្រាសាទតាមាន់ ដោយប្រើប្រាស់រថក្រោះ។ ម៉ោង ០៧:៤០នាទី យោធាថៃបន្តបាញ់ប្រហារគ្រប់គោលដៅ៖ មុំបី អានសេះ ភ្នំខ្មោច គោល៨ ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ ដោយប្រើប្រាស់កាំភ្លើងធំ១៥៥mm រថក្រោះ កាំភ្លើងត្បាល់គ្រប់ប្រភេទនៅតំបន់អានសេះ។ ម៉ោង ០៨:១០នាទី យោធាថៃបានបាញ់ផ្សែងពុលចូលទីតាំងនៅតំបន់ភ្នំខ្មោចយ៉ាងច្រើន។ ម៉ោង ០៨:១៤នាទី យោធាថៃបានបាញ់ផ្សែងពុលបន្ថែមនៅតំបន់ប្រាសាទព្រះវិហារ។ ម៉ោង ០៨:៤១នាទី យោធាថៃនៅបន្ដបាញ់ និងបន្ដបាញ់ផ្លោង បាញ់បុកយ៉ាងខ្លាំងនៅទីតាំងដំណាក់ស្ដេច បន្លោះថ្មដូន និងប្រាសាទតាមាន់ បច្ចុប្បន្ន មានយន្ដហោះយោធាថៃ បានហោះតាមបណ្ដោយព្រំដែន។ ម៉ោង ០៩:០៥នាទី យោធាថៃបានវាយប្រហារមកលើកងកម្លាំងកម្ពុជា ដោយប្រើយន្តហោះចម្បាំងប្រភេទ F-16 នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ម៉ោង ០៩:៣០នាទី យោធាថៃនៅតែបន្តវាយប្រហារមកលើកងកម្លាំងកម្ពុជាបន្តទៀត នៅប្រាសាទខ្នារ អូរស្មាច់ ដោយយោធាថៃបានប្រើកាំភ្លើង១២,៧ រួមទាំងរថក្រោះបាញ់បុកបន្ថែម។ ម៉ោង ១០:០០នាទី យោធានៅតែបន្តវាយប្រហារមកលើកងកម្លាំងកម្ពុជាយ៉ាងខ្លាំង ដោយប្រើកាំភ្លើងត្បាល់ កាំភ្លើងធំ រថក្រោះបាញ់បុកជាពិសេសខ្លាំង នៅតំបន់អានសេះ និងទិសប្រាសាទព្រះវិហារ។

ការបាញ់ប្រហាររបស់យោធាថៃបានឈានចូលដល់ក្នុងភូមិរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បណ្តាលឱ្យរបួសប្រជាជនស៊ីវិលមួយចំនួន និងឆេះផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រូវអស់ជាច្រើនខ្នង ដែលធ្វើឱ្យប្រជាជន ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តជម្លៀសរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។ ក្នុងនោះ អាជ្ញាធរខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ បានជួយសម្របសម្រួលជួយប្រជាពលរដ្ឋភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់សុវត្ថិភាពផងដែរ៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…