រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

យោធាសៀមបាញ់ផ្លោងកាំភ្លើងធុនធ្ងន់ចូលភូមិព្រៃចាន់និងភូមិជោគជ័យខណៈអាជ្ញាធរកម្ពុជាកំពុងជម្លៀសពលរដ្ឋចេញ!

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

យោធាថៃពង្រីកការវាយប្រហារយ៉ាងគឃ្លើនពីសមរភូមិខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ មកខេត្តបន្ទាយមានជ័យ ដោយបានបាញ់ផ្លោងកាំភ្លើងធុនធ្ងន់ចូលភូមិព្រៃចាន់ និងភូមិជោគជ័យ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខណៈអាជ្ញាធរកម្ពុជាកំពុងជម្លៀសពលរដ្ឋចេញពីភូមិទៅកាន់ទីតាំងសុវត្ថិភាពនៅវត្តចាន់ស៊ីសាមគ្គីរតនារាម។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា បន្ទាប់ពីការបើកការបាញ់ប្រហារមកលើកងកម្លាំង និងប្រជាជនស៊ីវិលនៅទិសយោធភូមិភាគទី៤ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ចាប់ពីព្រឹកម៉ោង ០៥:០៤នាទី នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥នេះមក យោធាថៃបានពង្រីកការវាយប្រហាររបស់ខ្លួនមកខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ដោយនៅវេលាម៉ោង ១៣:៣៦នាទីរសៀល យោធាថៃបានបាញ់ប្រហារមកលើប្រជាជនស៊ីវិលនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកម្រោលនិងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃមកលើភូមិដ្ឋានជនស៊ីវិលរស់នៅ។ ប៉ុន្តែយ៉ាងណា ក្នុងហេតុការណ៍ខាងលើ កងកម្លាំងកម្ពុជាមិនទាន់បានតបតអ្វីនៅឡើយទេ ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ រួមទាំងគោលការណ៍ដែលបានឯកភាពគ្នា រវាងភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាននៃការដោះស្រាយ រាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្របតាមច្បាប់អន្តរជាតិ។

ចំណែក អាជ្ញាធរស្រុកអូរជ្រៅ បាននិងកំពុងជម្លៀសពលរដ្ឋចេញពីភូមិព្រៃចាន់ និងជោគជ័យទៅកាន់ទីតាំងសុវត្ថិភាពនៅវត្តចាន់ស៊ីសាមគ្គីរតនារាម ក្នុងភូមិកូបកើត ឃុំកូបស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ យ៉ាងណា ក្រសួងការពារជាតិកម្ពុជាប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើឈ្លានពានយ៉ាងកម្រោល សាហាវ ឃោរឃៅ ល្មោភសង្គ្រាម របស់ប្រទេសសៀមមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…