ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះពិនិត្យនៅតាមមណ្ឌលទទួលជនភៀសសឹក ដែលរដ្ឋបាលខេត្តបានរៀបចំ ព្រមទាំងបានណែនាំដល់អាជ្ញាធរ និងមន្រ្តីជំនាញត្រូវចុះអន្តរាគមន៍ជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមជូនបងប្អូនប្រជាពលរដ្ឋ
ប្រជាពលរដ្ឋជាជនភៀសសឹកទាំងអស់ មកពីតាមបណ្ដាស្រុកជាប់ព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដែលបានមកស្នាក់នៅមណ្ឌលសុវត្ថិភាព ហើយពួកគាត់បានបង្ហាញអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង ដែលត្រូវរងទុក្ខវេទនារត់ភៀសខ្លួនចាកចេញចោលផ្ទះសម្បែងដោយសារការបង្កសង្រ្គាមឈ្លានពានពីពួកយោធាសៀម មកលើភូមិឋានប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជា ។
ជនភៀសសឹកមកពីស្រុកភ្នំព្រឹក ដែលបានមកស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងវត្តក្សត្រីយ៍ក្ដុល ស្ថិតក្នុងភូមិក្ដុល ឃុំក្ដុលតាហែន ស្រុកបវេល បានឱ្យដឹងថា ការបាញ់ប្រហាររបស់យោធាសៀម មកលើតំបន់ ដែលប្រជាជនរស់នៅ ជាសកម្មភាពដ៏កម្រោលដោយមិនរើសគោលដៅ។
ជាមួយគ្នានេះបងប្អូនជនភៀសសឹកបានសម្ដែងការជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្ដេចទាំងពីរតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈនៅរួមសុខ រួមទុក្ខមិនរត់ចោលប្រជាជនឡើយ ។
ពួកយើងជាជនភៀសសឹក បួងសួងជូនពរដល់វីរៈកងទ័ពកម្ពុជាឱ្យទទួលបានជ័យជំនះ និងកម្ទេសសត្រូវឈ្លានពានពួកសៀមឱ្យវិនាសដើម្បីកុំឲ្យវិលមកបំពានទឹកដីកម្ពុជាយើងបន្តទៀត៕
ដោយ៖ ប៉ៃ សុឃីម





