រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាថា ចិននឹងបន្តគាំទ្រសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា

KPS99TV

សេចក្តីសង្ខេប

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ លោក លី ធុជ បានជួបតំណាងនាយកដ្ឋានត្រួតពិនិត្យអាវុធនៃក្រសួងការបរទេសចិន លោក Liang Guotao នៅទីក្រុងហ្សាការតា និងបានស្នើឲ្យបន្តគាំទ្រផ្នែកបណ្តុះបណ្តាល សម្ភារៈ និងថវិកា។

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និងសង្គ្រោះជនពិការដោយសារមីន បានជួបពិភាក្សាទ្វេភាគីជាមួយលោក Liang Guotao តំណាងនាយកដ្ឋានត្រួតពិនិត្យអាវុធនៃក្រសួងការបរទេសចិន។ ជំនួបធ្វើឡើងនៅក្រៅកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការកៀរគរធនធានក្នុងសកម្មភាពមីន នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមនៅកម្ពុជា ហើយការចូលរួមរបស់មិត្តចិនពិតជាសារៈសំខាន់ ដើម្បីធ្វើឱ្យប្រទេសកម្ពុជាអាចសម្រេចបាននូវគោលដៅរបស់ខ្លួន។ ដោយកម្ពុជានូវមានតម្រូវការខ្ពស់លើការងារមនុស្សធម៌នេះ ឯកឧត្តមបណ្ឌិត បានស្នើឱ្យរដ្ឋាភិបាលចិនបន្តផ្តល់ជំនួយគាំទ្របន្ថែមទៀតទាំងផ្នែកបណ្តុះបណ្តាល សម្ភារៈ និងថវិកា ។

ជាការឆ្លើយតប លោក Liang Guotao បានលើកសរសើរកម្ពុជា ក្នុងភាពជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាកាលពីឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ភាគីចិនបានសន្យាជួយកម្ពុជាលើវិស័យសកម្មភាពមីនបន្តទៅឆ្នាំខាងមុខទៀតរហូតកម្ពុជាអាចសម្រេចបាននូវគោលដៅចុងក្រោយ។

ជាមួយគ្នានោះ លោក Liang Guotao បានសម្តែងការសោកស្ដាយចំពោះការបាត់បង់អាយុជីវិត និងរងរបួសរបស់ប្រជាពលរដ្ឋស៊ីវិល ក្នុងសង្គ្រាមកម្ពុជា-ថៃ ហើយលោកបានអំពាវនាវអោយភាគីបន្តភាពអត់ធ្មត់ និងដោះស្រាយដោយសន្តិវិធី៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…