រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពចំពោះមហាសាមគ្គីជាតិ និងអំពាវនាវបន្តគាំទ្រកងទ័ពនិងនគរបាល

KPS99TV

សេចក្តីសង្ខេប

សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារព្រឹកថ្ងៃទី១៤ ខែធ្នូ បង្ហាញមោទនភាពចំពោះសាមគ្គីភាពរបស់ព្រះមហាក្សត្រ មន្ត្រី និងខ្មែរគ្រប់និន្នាការ និងសាសនា ទាំងក្នុងនិងក្រៅប្រទេស។ សម្ដេចអំពាវនាវឱ្យបន្តគាំទ្រនិងលើកទឹកចិត្តកងទ័ព នគរបាល ហើយថារដ្ឋាភិបាលនៅជាមួយប្រជាជននិងកម្លាំងទាំងនេះគ្រប់ពេល។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែធ្នូនេះ បានផ្ញើសារជូនជនរួមជាតិទាំងអស់ដោយ បង្ហាញនូវមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង។

សម្ដេចធិបតីបានថ្លែងថាខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង។ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ សាសនា ទាំងក្នុងនិងក្រៅប្រទេស បានបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវីរកងទ័ព វីរនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ក្នុងការពារដែលអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។

សម្ដេចថ្លែងថាសូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលរឹងមាំ សម្រាប់គាំទ្រ និងផ្ដល់កម្លាំងចិត្តដល់វីរកងទ័ព វីរនគរបាលជាតិរបស់យើង បន្តបេសកកម្មក្នុងការការពារទឹកដី។

សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាលស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរកងទ័ព វីរនគរបាលជាតិរបស់យើងគ្រប់ពេលវេលា៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…