(ឧត្តរមានជ័យ)៖ អ្នកកាសែតជិត៣០រូប មកពីស្ថាប័នចំនួន២០ ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា បានចុះរាយការណ៍ព័ត៌មានផ្ទាល់ពីស្ថានភាពពលរដ្ឋភៀសសឹកនៅជំរំ«បាត់ថ្កៅ» ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាថ្ងៃទី១២ ខែធ្នូ។ នេះជាបេសកកម្មចំពេលវេលានៃជម្លោះ ព្រំដែនកម្ពុជា-ថៃ ជាពិសេសយោធាថៃបានបើកការវាយប្រហារយ៉ាងខ្លាំងមកលើដែនអធិបតេយ្យភាពកម្ពុជាដែលឈានចូលថ្ងៃទី៩ហើយ។
តាមសេចក្តីប្រកាសរបស់ក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា ជម្លោះព្រំដែនកម្ពុជា-ថៃ បានធ្លាក់ក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរបន្ទាប់ពីការវាយប្រហារជាថ្មីពីសំណាក់ទាហានថៃចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកទល់នឹងថ្ងៃនេះ ហើយក៏ពុំទាន់ដឹងថានឹងបានធូរស្បើយ ឬបទឈប់បាញ់ថ្មីនឹងចូលជាធរមាននៅពេលណាឡើយ។ ការវាយប្រហារដ៏កម្រោល និងអមនុស្សធម៌របស់ទាហានថៃបានសម្លាប់ជនស៊ីវិលកម្ពុជាយ៉ាងហោចណាស់១២នាក់ និងរងរបួស ៧៤នាក់ផ្សេងទៀតរួមទាំងអ្នកសារព័ត៌មានផង ខណៈជនភៀសសឹកកើនដល់ជាង ៤០ម៉ឺននាក់។
ជាមួយគ្នានេះ ការវាយប្រហារដ៏ឃោរឃៅរបស់ទាហានថៃបានធ្វើឱ្យពលរដ្ឋកម្ពុជារស់នៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃជិត៤០ម៉ឺននាក់បានក្លាយជាជនភៀសសឹក សាលារៀនជិត៦០០ខ្នងត្រូវបានបិទទ្វារ និងសិស្សសាលាជាង១៣ម៉ឺននាក់ត្រូវបោះបង់ការសិក្សា។
ក្នុងដំណើរបេសកកម្មរបស់ក្លិបអ្នកកាសែតកម្ពុជា ក៏មានសប្បុរសជនមួយចំនួនបានបរិច្ចាគអំណោយរូមមាន៖ តង់ចំនួន៣,០០០ សម្ភារៈប្រើប្រាស់ចាំបាច់ គ្រឿង ឧបភោគ បរិភោគ រួមទាំងថវិកាផងដើម្បីចែកជូនបងប្អូនជនភៀសសឹកចំនួន១០០០គ្រួសារ៕
ដោយ៖ ចិន្តា ទីទិ







