រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នៅព្រឹកថ្ងៃទី១៥ធ្នូយោធាថៃបានបន្តបាញ់ប្រហារលើកម្ពុជាតាំងពីម៉ោង៤ទៀបភ្លឺ

KPS99TV

សេចក្តីសង្ខេប

ក្រសួងការពារជាតិបានរាយការណ៍ថា យោធាថៃបន្តបាញ់ប្រហារនៅតំបន់មួយចំនួននៃយោធភូមិភាគទី៤ ចាប់ពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៥ ខែធ្នូ ដោយប្រើកាំភ្លើងធំ គ្រាប់បែកចង្កោម និងដ្រូនទម្លាក់គ្រាប់បែក ហើយបានបាញ់គ្រាប់១៥៥ម.មចូលតំបន់ជនស៊ីវិលនៅក្រុងសំរោង។

យោធាថៃ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានបន្តបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ ចាប់តាំងពីម៉ោង ៤និង០០នាទីទៀបភ្លឺ។ នេះបើតាមសេចក្តីរាយការណ៍ពីអ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា។

លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងកាំភ្លើងធំគ្រប់ធន់យ៉ាងខ្លាំងចូលភូមិសាស្ត្រអូរស្មាច់, ប្រាសាទព្រះវិហារ, ប្រាសាទខ្នារ, ប្រាសាទតាមាន់ធំ, ប្រាសាទតាក្របី, តំបន់អានសេះ និងតំបន់ថ្មដូន។ សកម្មភាពបាញ់ប្រហារនេះ យោធាបានប្រើប្រាស់កាំភ្លើងធំ គ្រាប់បែកចង្កោម និងដ្រូនទម្លាក់គ្រាប់បែក។ ក្រៅពីនេះ យោធាថៃ បានចល័តរថក្រោះនៅភូមិសាស្ត្រជប់អង្គុញ និងបានបាញ់ផ្លោងកាំភ្លើងធំ ១៥៥ម.ម ចូលតំបន់ប្រជាជមស៊ីវិល នៅក្នុងភូមិសាស្ត្រក្រុងសំរោង។ ចំណែកស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

គួររំលឹកថា នេះជាថ្ងៃទី០៩ហើយដែលយោធាសៀមបានបើកការឈ្លានពានបាញ់ប្រហារមិនរើសគោលដៅមកលើកងទ័ព និងទីតាំងជនស៊ីវិលស្លូតត្រង់កម្ពុជាចាប់តាំងពីថ្ងៃទី០៧ ខែធ្នូមក។ យ៉ាងណា មកទល់នឹងព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ នៅមិនទាន់ឃើញមានសហគមន៍អន្តរជាតិ, ប្រទេសនៅតំបន់អាស៊ាន និងអង្គការអន្តរជាតិ ចេញមុខថ្កោលទោសចំពោះសកម្មភាពឈ្លានពានរបស់យោធាសៀម ដែលបណ្តាលឱ្យពលរដ្ឋស្លូតត្រង់កម្ពុជាស្លាប់កើនដល់ ១២នាក់ ក្នុងនោះមានទារកម្នាក់ និងរបួស៧៤នាក់ ខណៈជនភៀសសឹកកើនដល់ជាង៤០ម៉ឺននាក់នៅឡើយទេ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…