លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញមកទាត់ចោលការផ្សាយរបស់ថៃថា មានពលរដ្ឋរុស្ស៊ីធ្វើជាទាហានស៊ីឈ្នួលឲ្យកម្ពុជា ក្នុងសង្គ្រាមឈ្លានពានថៃលើកម្ពុជា។
លោកបានបញ្ជាក់ថា «សេចក្តីប្រកាសរបស់ថៃ? មិនដែលមានព័ត៌មានបែបនេះទេ។ ដូច្នេះមិនមានភស្តុតាងអ្វីឡើយ។ បើថៃចោទដោយព័ត៌មានក្លែងក្លាយ យើងខាតពេលច្រើន។ ខ្ញុំមិនធ្វើអត្ថាធិប្បាយទេ»។
ទន្ទឹមគ្នានេះ ស្ថានទូតរុស្ស៊ីនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ក៏បានថ្លែងសារដូចគ្នាដែរ ដោយបញ្ជាក់ថាសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួនដែលអះអាងថា មានពលរដ្ឋរុស្ស៊ីបានធ្វើជាទាហានស៊ីឈ្នួល នៅក្នុងជម្លោះព្រំដែន រវាងថៃ និងកម្ពុជា គឺជារឿងមិនពិតនោះទេ។
ស្ថានទូតរុស្ស៊ី អះអាងបន្ថែមថា ព័ត៌មានដែលពលរដ្ឋរុស្ស៊ីមួយចំនួនធ្វើជាទាហានស៊ីឈ្នួលក្នុងជម្លោះរវាងប្រទេសទាំង២ គឺជារឿងមិនពិត ហើយទំនងជាត្រូវបានប្រឌិតឡើងដោយពីប្រភពនៅខាងក្រៅតំបន់។ ស្ថានទូតបន្ថែមថា ការចោទប្រកាន់បែបនេះអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋរុស្ស៊ីនៅក្នុងប្រទេសថៃ ដែលស្នាក់នៅក្នុងប្រទេសមួយនេះ ជាភ្ញៀវទេសចរណ៍ ឬធ្វើជំនួញ ហើយក៏អាចបំផ្លាញដល់ទំនាក់ទំនងយូរអង្វែងរវាងរុស្ស៊ី និងថៃផងដែរ។
សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មកនេះ មកលើអធិបតេយ្យភាពនិងបូរណភាពដែនដីកម្ពុជាបានបង្កឱ្យមានផលវិបាកយ៉ាងច្រើន ខណៈយោធាថៃបានប្រើប្រាស់អាវុធធុនធ្ងន់រួមទាំងយន្តហោះទម្លាក់គ្រាប់បែកវាយប្រហារមិនត្រឹមតែកងទ័ពទេ ក៏បានយកជនស៊ីវិលជាគោលដៅ។ កុមារជាង ១២៧ ០០០ នាក់បានរត់ភៀសខ្លួនជាមួយឪពុកម្តាយនិងក្រុមគ្រួសាររបស់ពួកគេ ចោលផ្ទះសម្បែង សាលារៀនជាដើមត្រូវបិទចោល។
គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ ការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា និងយកជនស៊ីវិល ជាគោលដៅវាយប្រហារផង ធ្វើឱ្យជនស៊ីវិលស្លាប់ ១៥នាក់ និងរបួស ៧៣នាក់ ជនភៀសសឹកចំនួន ៤០៩ ២៩៣នាក់៕ ដោយ៖ ចិន្តា ទីទិ


