រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

វត្ថុបុរាណខ្មែរ១២២រូបបង្ហាញសម្រស់បង្អួតអ្នកទស្សនាក្នុងពិព័រណ៍ដ៏ធំនៅប្រទេសចិន

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជាចំនួន ១២២ប្រភេទ ត្រូវបានដាក់តាំងបង្ហាញសម្រស់បង្អួតអ្នកទស្សនាក្នុងពិព័រណ៍ដ៏ធំមួយ នៅសារមន្ទីរសមុទ្រចិនខាងត្បូង នៃប្រទេសចិន ក្រោមប្រធានបទដ៏ទាក់ទាញគឺ «វីរកថាទឹក និងថ្ម៖ ការឈ្វេងយល់ពីអរិយធម៌បុរាណរបស់កម្ពុជា»។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) បានឱ្យដឹងថា ពិព័រណ៍ដ៏វិសេសវិសាលនេះ បានបើកសម្ពោធជាផ្លូវការឱ្យសាធារណជនចូលទស្សនា ចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ និងបើករហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។ ពិព័រណ៍នេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងសហការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា មជ្ឈមណ្ឌលផ្លាស់ប្តូរវត្ថុបុរាណវប្បធម៌ចិន និងសារមន្ទីរសមុទ្រចិនខាងត្បូង (ហៃណាន)។

ចំណែក ក្រសួងវប្បធម៌កម្ពុជាចាត់ទុកពិព័រណ៍ដ៏ធំនេះ គឺជាព្រឹត្តិការណ៍ដំបូងបង្អស់នៃគម្រោងពិព័រណ៍ចល័ត ដែលនឹងត្រូវបន្តដាក់តាំងបង្ហាញនៅតាមសារមន្ទីរល្បីៗជាច្រើនទៀតក្នុងប្រទេសចិន ដើម្បីផ្សព្វផ្សាយពីភាពរុងរឿងនៃអរិយធម៌ខ្មែរទៅកាន់ពិភពលោក។ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជើញជាតំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅក្នុងពិធីសម្ពោធនោះ។

វត្ថុបុរាណខ្មែរទាំង១២២ប្រភេទនេះ មិនត្រឹមតែជាតំណាងនៃសិល្បៈដ៏វិសេសវិសាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពនៃប្រវត្តិសាស្ត្រដ៏យូរលង់ ដែលកម្ពុជាចង់ចែករំលែកទៅកាន់មហាជនចិន និងភ្ញៀវអន្តរជាតិឱ្យបានយល់ដឹងកាន់តែច្បាស់ពីដួងព្រលឹងខ្មែរតាមរយៈសិល្បៈនៃការឆ្លាក់ថ្ម និងការគ្រប់គ្រងទឹកនាជំនាន់នោះ៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…