រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បានលើកឡើងក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នាថ្ងៃទី២២ ខែធ្នូនេះថា អាស៊ានត្រូវតែធ្វើអ្វីៗ ដែលចាំបាច់ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដោយសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងដោះស្រាយស្ថានការណ៍កម្ពុជា-ថៃ ត្រូវតែលើសពីការបន្ថយភាពតានតឹង។
លោក Mohamad បានថ្លែងថា ក្នុងនាមជាប្រធានអាស៊ាន ម៉ាឡេស៊ីជឿជាក់ថា សមាគមកម្រិតតំបន់នេះត្រូវតែបង្កើនការកសាងទំនុកចិត្តក្នុងចំណោមភាគីនានា និងធានាថា កិច្ចសន្ទនានៅតែបន្តទៅមុខ ទោះបីជាមានភាពខុសគ្នាក៏ដោយ។ នេះគឺដោយលោកបានកត់សម្គាល់ថា ស្ថិរភាពក្នុងតំបន់ គឺនៅតែជាទំនួលខុសត្រូវរួម។
លោកបានបន្តថា វិធីសាស្រ្តរបស់អាស៊ាន គួរតែត្រូវបានដឹកនាំដោយមេរៀនពីអតីតកាល ដោយផ្អែកលើគតិបណ្ឌិត ឯកភាព និងទំនុកចិត្ត ដែលបានអនុញ្ញាតឱ្យតំបន់នេះ ជំនះអំឡុងពេលមានភាពចលាចល។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីរូបនេះបានបញ្ជាក់បន្ថែមថា «អាស៊ានត្រូវតែធ្វើអ្វីៗទាំងអស់ដែលចាំបាច់ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ គោលដៅរបស់យើងគឺ លើសពីការបន្ថយភាពតានតឹង។ យើងត្រូវតែបង្កើនការកសាងទំនុកចិត្ត ក្នុងចំណោមភាគីជម្លោះ និងផ្ដល់ទស្សន:វិស័យសម្រាប់កិច្ចសន្ទនា ទោះបីជាមានភាពខុសគ្នាដែលកំពុងកើតមាន»៕
ដោយ៖ ចិន្តា ទីទិ









