ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

UNICEF វាយតម្លៃថា សិស្សថ្នាក់ទី៥ នៅកម្ពុជា មានការរីកចម្រើនផ្នែកអំណាន និងគណិតវិទ្យា បើប្រៀបធៀបលទ្ធផលឆ្នាំ២០១៩ និងឆ្នាំ២០២៤

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

លទ្ធផល SEA-PLM បង្ហាញថា សិស្សថ្នាក់ទី៥កម្ពុជាមានវឌ្ឍនភាពអំណាននិងគណិតវិទ្យារវាងឆ្នាំ២០១៩ និង២០២៤ ប៉ុន្តែគម្លាតសមធម៌នៅតែមាន។

នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ UNICEF បានចេញសេចក្តីប្រកាសព័ត៌មានរួម ដោយបញ្ជាក់ថា សិស្សថ្នាក់ទី៥ នៅកម្ពុជា សម្រេចបាននូវការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងផ្នែកអំណាន និងគណិតវិទ្យា បើប្រៀបធៀបលទ្ធផលឆ្នាំ២០១៩ និងឆ្នាំ២០២៤។ ការវាយតម្លៃនេះ យោងតាមលទ្ធផលនៃកម្មវិធីវាយតម្លៃលទ្ធផលសិក្សារបស់សិស្សបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ (SEA-PLM) ដែលត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃនេះ ដោយក្រសួងអប់រំ យុវជន និងកីឡា។

លទ្ធផលបង្ហាញថា សិស្សដែលមានសមត្ថភាពខ្ពស់ក្នុងផ្នែកអំណាន បានកើនឡើងពី ២៧ ភាគរយ ដល់ ៣៩ ភាគរយ ខណៈដែលផ្នែកគណិតវិទ្យា សិស្សមានសមត្ថភាពខ្ពស់បានកើនឡើងពី ៣៩ ភាគរយ ដល់ ៦២ ភាគរយ។ ចំណែកឯ សិស្សនៅកម្រិតខ្សោយ បានថយចុះពី ៤៧ ភាគរយ មកត្រឹម ៣៧ ភាគរយ សម្រាប់ផ្នែកអំណាន និងពី ៣៦ ភាគរយ មកត្រឹម ២០ ភាគរយ សម្រាប់ផ្នែកគណិតវិទ្យា។

ពិន្ទុមធ្យមផ្នែកអំណាន បានកើនឡើងពី ២៩០ មកដល់ ២៩៦ ពិន្ទុ និងផ្នែកគណិតវិទ្យា បានកើនឡើងពី ២៨៩ មកដល់ ៣០១ ពិន្ទុ។ លទ្ធផលទាំងនេះ ឆ្លុះបញ្ចាំងពីវឌ្ឍនភាពជាវិជ្ជមាននៃការកែទម្រង់វិស័យអប់រំ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក និងកិច្ចខិតខំប្រឹងប្រែងក្នុងការស្តារការសិក្សាឡើងវិញ បន្ទាប់ពីការរំខានដោយសារជំងឺកូវីដ-១៩ នៅទូទាំងប្រទេស។

សិស្សស្រី ទទួលបានលទ្ធផលល្អជាងសិស្សប្រុស ទាំងផ្នែកអំណាន និងគណិតវិទ្យា ទោះបីជាគម្លាតយេនឌ័របានរួមតូចក៏ដោយ។ ជាមួយគ្នានេះ គម្លាតរវាងតំបន់ទីប្រជុំជន និងតំបន់ជនបទ ក៏បានថយចុះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សិស្សមកពីគ្រួសារក្រីក្រ នៅតែទទួលបានពិន្ទុទាបជាងសិស្សមកពីគ្រួសារធូរធារ ប្រមាណ ១៦ ពិន្ទុ ក្នុងផ្នែកអំណាន និង ២០ ពិន្ទុ ក្នុងផ្នែកគណិតវិទ្យា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖
«លទ្ធផលរកឃើញទាំងនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់គុណភាព និងសមធម៌អប់រំ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក យើងបានបង្កើនការវិនិយោគយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធសាលារៀន ការបណ្តុះបណ្តាលគ្រូបង្រៀន សៀវភៅសិក្សា និងវិធីសាស្ត្របង្រៀនបែបទំនើប។ ទោះយ៉ាងណា បញ្ហាប្រឈមនៅតែមាន ជាពិសេសគម្លាតសិក្សារវាងតំបន់ជនបទ និងទីប្រជុំជន។ យើងនឹងបន្តប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការសហការជាមួយអង្គការយូនីសេហ្វ SEAMEO និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាលទ្ធផលទាំងនេះ នឹងប្រែក្លាយទៅជាសកម្មភាពជាក់ស្តែង សម្រាប់កុមារគ្រប់រូប ជាពិសេសកុមារនៅតំបន់ជួបការលំបាក»។

លោកបណ្ឌិត Will Parks នាយកអង្គការយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖
«SEA-PLM ឆ្នាំ២០២៤ បង្ហាញពីការរីកចម្រើនយ៉ាងសំខាន់របស់កម្ពុជា ក្នុងបំណិនមូលដ្ឋាននៃការសិក្សា។ សិស្សថ្នាក់ទី៥ កាន់តែច្រើន កំពុងសម្រេចបានលទ្ធផលនៅកម្រិតខ្ពស់ ខណៈដែលសមាមាត្រសិស្សនៅកម្រិតទាបបំផុត បានថយចុះយ៉ាងច្បាស់។ ការរីកចម្រើនទាំងនេះ ឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏រឹងមាំរវាងអង្គការយូនីសេហ្វ និងក្រសួងអប់រំ យុវជន និងកីឡា តាមរយៈកម្មវិធីលើកកម្ពស់ការសិក្សានៅថ្នាក់ដំបូងនៃបឋមសិក្សា ដូចជា ការបណ្តុះបណ្តាលគ្រូបង្រៀនថ្នាក់ទី១ ដល់ទី៣ ការដាក់ចេញយុទ្ធសាស្ត្រសមស្រប សម្រាប់ជួយសិស្សដែលរៀនយឺត និងការបង្កើតបណ្តាញប្រឹក្សាគ្រូបង្រៀនទូទាំងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ គម្លាតសមធម៌នៅតែមាន ហើយយូនីសេហ្វ នឹងបន្តធ្វើការជាមួយក្រសួង និងដៃគូនានា ដើម្បីកាត់បន្ថយគម្លាតទាំងនេះ និងធានាថា កុមារកម្ពុជាគ្រប់រូប អាចទទួលបានជោគជ័យ»៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…