នៅរសៀលថ្ងៃទី២២ ខែធ្នូ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធសភា បានជួបគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ដឹកនាំដោយលោក Xie Chuntao ប្រធានគណៈប្រតិភូគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអនុប្រធានសាលាបក្សមជ្ឈិម នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ។ សម្តេចបានបញ្ជាក់ឡើងវិញថា កម្ពុជានិងចិនជាមិត្តដែកថែប ហើយបានកសាងសហគមន៍វាសនារួមគ្រប់កាលៈទេសៈក្នុងយុគសម័យថ្មី ដោយទំនាក់ទំនងទ្វេភាគីមានមូលដ្ឋានរឹងមាំ និងអនាគតទូលំទូលាយ។



សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា-ចិនកំពុងមានសន្ទុះអភិវឌ្ឍល្អ ហើយប្រទេសទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងការផ្លាស់ប្តូររវាងប្រជាជន។ សម្តេចសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ព្រមទាំងពង្រីកដំណើរទស្សនកិច្ចទៅវិញទៅមករបស់មន្ត្រី ការផ្លាស់ប្តូរបទពិសោធន៍ និងការបណ្តុះបណ្តាលធនធានមនុស្ស។



លោក Xie Chuntao បានថ្លែងអំណរគុណសម្តេច ហ៊ុន សែន ចំពោះជំនួប និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃទំនាក់ទំនងកម្ពុជា-ចិន។ លោកបានបញ្ជាក់ថា ចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការផ្លាស់ប្តូររវាងបក្សទាំងពីរ និងមានបំណងប្រើដំណើរទស្សនកិច្ចនេះជាឱកាសជំរុញការផ្លាស់ប្តូរឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង ដើម្បីរួមចំណែកដល់កិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ។ នៅចុងបញ្ចប់ជំនួប សម្តេចបានជូនពរឱ្យគណៈប្រតិភូទទួលបានជោគជ័យក្នុងទស្សនកិច្ចនៅកម្ពុជា។
ស្ថានីយយើងចងក្រងសេចក្តីរាយការណ៍
