៥សែន៤ម៉ឺន៤ពាន់៦រយ៨៥ប៉ែតសិបប្រាំនាក់ (៥៤៤,៦៨៥នាក់) គឺជាចំនួនជនភៀសសឹកសរុបរបស់កម្ពុជាដែលរត់ភៀសខ្លួនគេចពីគ្រាប់កាំភ្លើង គ្រាប់ផ្លោងតូចធំ និងការទម្លាប់គ្រាប់ពីយន្តហោះចម្បាំង F-16 របស់យោធាសៀម កំពុងមកស្នាក់នៅជំរុំសុវត្ថិភាពគិតចាប់តាំងពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា តួលេខនេះ អាចមានការប្រែប្រួលជាបន្តបន្ទាប់ទៀត។
ក្នុងសង្គ្រាមឈ្លានពានទឹកដីកម្ពុជារយៈពេល១៧ថ្ងៃមកនេះ យោធាសៀមបានកម្ទេចផ្ទះប្រជាពលរដ្ឋកម្ពុជា ១១៨ខ្នង, សាលារៀន ៥ទីតាំង, មណ្ឌលសុខភាព៣ទីតាំង, ផ្សារ១, បង្គោលអង់តែនទូរសព្ទ២កន្លែង, ប្រាសាទបុរាណមួយចំនួន, វត្ត៥ទីតាំង, សាលាឆទាន១, កុដិ១, អគារគយ និងរដ្ឋាករ១, អគារឯកជន១៣ទីតាំង, អគាររដ្ឋ១១ខ្នង, សណ្ឋាគារ៥ទីតាំង, មណ្ឌលកសិកម្មសហគមន៍១, ផ្លូវ២កន្លែង, ស្ពានថ្ម ២កន្លែង, ស្ពានដែក១, ស្ពានបុរាណ១, ក្បាលស្ពាន១, ស្ថានីយ៍ប្រេង១, មធ្យោបាយដឹកជញ្ជូន២៨គ្រឿង, ឃ្លាំងរថយន្ត១ និងឃ្លាំងទិញដំឡូង១។ ទន្ទឹមគ្នានេះ ក៏បណ្តាលឱ្យពលរដ្ឋកម្ពុជាដែលជាជនស៊ីវិលស្លាប់កើនដល់ ២១នាក់ និងរបួស៨៣នាក់។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់បន្ថែមថា ក្នុងពេលវីរយុទ្ធជនកម្ពុជា បានកំពុងប្រយុទ្ធការពារបូរណភាពទឹកដី កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី ក៏បានបញ្ចប់ដោយចេញសេចក្តីថ្លែងការណ៍ពិសេស គូសបញ្ជាក់ពីលទ្ធផលឈានទៅអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការរួម ស្តីពីសន្តិភាពកម្ពុជា-ថៃឡើងវិញ។ ក្រសួងមហាផ្ទៃ បានប្រកាសគាំទ្រការស្វាគមន៍របស់រដ្ឋមន្រ្តីការបរទេសអាស៊ានចំពោះកិច្ចខិតខំប្រឹងប្រែងឈានទៅបន្តអនុវត្តបទឈប់បាញ់ និងការបញ្ចប់អរិភាពឡើងវិញរវាងប្រទេសទាំងពីរដែលបើកផ្លូវឱ្យមានការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ស្អែកនេះ ដើម្បីពិភាក្សាអំពីការអនុវត្ត និងការផ្ទៀងផ្ទាត់បទឈប់បាញ់៕ ដោយ៖ ង៉ែត ពិសាន្ត



