ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងទេសចរណ៍រំពឹងថា ការលើកលែងទិដ្ឋាការពលរដ្ឋចិន៤ខែ នឹងជំរុញភ្ញៀវចិន ក្នុងឆ្នាំទេសចរណ៍កម្ពុជា–ចិន ២០២៥–២០២៦

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ឯកឧត្តម ហួត ហាក់ ដឹកនាំកិច្ចប្រជុំលើកទី៦ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ អំពីយន្តការលើកលែងទិដ្ឋាការពលរដ្ឋចិន។ សេចក្តីជូនដំណឹងដែលបានយោង កំណត់ការស្នាក់នៅ១៤ថ្ងៃ ក្នុងរយៈពេលពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

កិច្ចប្រជុំលើកទី៦ ដើម្បីបន្តកិច្ចពិភាក្សាលើយន្តការ និងនីតិវិធីក្នុងការអនុវត្តសាកល្បងនៃការលើកលែងទិដ្ឋាការពលរដ្ឋចិន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ នៃក្រសួងទេសចរណ៍ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងអង្គភាពប្រតិបត្តិ CTB ផងដែរ។

យោងតាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល លេខ ២០៧០ សជណ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន ១៤ ថ្ងៃ ក្នុងអំឡុងពេល ៤ ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឲ្យមានការដាក់ពាក្យស្នើសុំ និងពុំមានការបង់កម្រៃណាមួយ ដោយគ្រាន់តែបំពេញបែបបទ E-Arrival Card ប៉ុណ្ណោះ។ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាបានច្រើនលើក។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ពាក់ព័ន្ធនឹងកិច្ចការខាងលើ ក្រសួងទេសចរណ៍បានរៀបចំកិច្ចប្រជុំចំនួន ៥ លើករួចមកហើយ ជាមួយតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមមាន៖
១) កិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ»),
២) កិច្ចប្រជុំជាមួយ ឯកឧត្តម វ៉ាន វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា,
៣) កិច្ចប្រជុំជាមួយស្ថានឯកអគ្គរាជទូតកម្ពុជា និងស្ថានកុងស៊ុលកម្ពុជាប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន,
៤) កិច្ចប្រជុំជាមួយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍,
៥) កិច្ចប្រជុំជាមួយអង្គភាពប្រតិបត្តិ CTB៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…