ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខ្មែរសាមគ្គីក្នុងគ្រាអាសន្ន៖ ខេត្តព្រះសីហនុនាំយកអំណោយគាំទ្រវីរកងទ័ពជួរមុខ និងជនភៀសសឹកនៅបន្ទាយមានជ័យ

KPS99TV

សេចក្តីសង្ខេប

ខេត្តព្រះសីហនុនាំអំណោយស្បៀង ឱសថនិងសម្ភារៈដែលពលរដ្ឋបរិច្ចាគ ជូនទាហានជួរមុខទិសបន្ទាយមានជ័យនិងជនភៀសសឹក ថ្ងៃទី២៦ ខែធ្នូ ហើយនឹងបន្តចែកដល់គោលដៅផ្សេងរហូតអស់ស្តុក។

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់លោក ឌឹម វី នាយករងរដ្ឋបាលខេត្តដឹកនាំក្រុមការងារនាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដែលបានមកពីការចូលរួមបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ប្រគល់ជូនដល់វីរកងទ័ពខ្មែរនៅសមរភូមិមុខ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី និងសន្តិសុខប្រជាពលរដ្ឋ។

អំណោយសប្បុរសធម៌ខាងលើ ត្រូវបានប្រគល់ជូនដល់វីរកងទ័ពដែលឈរជើងនៅទិសបន្ទាយមានជ័យ ព្រមទាំងគាំទ្រដល់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរងផលប៉ះពាល់ពីស្ថានការណ៍តានតឹងតាមបន្ទាត់ព្រំដែន។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា អំណោយសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋនឹងបន្តផ្តល់ជូនដល់គោលដៅផ្សេងៗទៀតរហូតដល់អស់ពីស្តុក ដើម្បីរួមចំណែកជួយសង្គ្រោះ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។

ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមបរិច្ចាគអំណោយមកជូនរដ្ឋបាលខេត្ត និងបន្តគាំទ្រដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹករបស់យើងជាបន្តបន្ទាប់។

«ខ្មែរសាមគ្គី ខ្មែរឈ្នះ | ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាអាសន្ន—ខឿនការពារជាតិរបស់ប្រជាជន នឹងបន្តដរាបណាការគំរាមកំហែងនៅតែមាន» 

មតិយោបល់

កំពុងផ្ទុកមតិយោបល់…