សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាតាមទូរសព្ទជាមួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋ អាម៉េរិក លោក Marco Rubio នាយប់ថ្ងៃទី២៥ ខែធ្នូ ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ជំនួបនេះ គឺក្នុងគោលបំណងជំរុញឱ្យមានបទឈប់បាញ់ឱ្យបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។
បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា រដ្ឋមន្ត្រីការបរទេសអាម៉េរិក Rubio បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា សហរដ្ឋអាម៉េរិក ចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ និងខិតខំជំរុញឱ្យមានបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

សម្តេចធិបតី បានប្រាប់ទៅកាន់ប្រមុខការទូតអាម៉េរិក ថា«ខ្ញុំបានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែង ការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមាន»។
សម្តេចធិបតី ក៏បានអះអាងពីការបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមកិច្ចព្រមព្រៀង និងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមក រួមទាំងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាង សន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕
ដោយ៖ ចិន្តា ទីទិ
