នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម បានចេញសារចូលរួមអបអរសាទរបទឈប់បាញ់ដែលបានព្រមព្រៀងគ្នារវាងប្រទេសកម្ពុជានិងប្រទេសថៃ ទោះបីនៅសល់ពេលតែ៤ថ្ងៃទៀតនឹងត្រូវបញ្ចប់តួនាទីជាប្រធានអាស៊ានឆ្នាំ២០២៥ ក៏ដោយ។ តាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម អាន់វ៉ា បានបញ្ជាក់ថា «ខ្ញុំសូមស្វាគមន៍ចំពោះបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាដោយប្រទេសកម្ពុជា និងប្រទេសថៃ ដែលចូលជាធរមាននៅវេលាម៉ោង ១២:០០ថ្ងៃត្រង់(ម៉ោងក្នុងស្រុក)។ ឯកឧត្តម បញ្ជាក់បន្ថែមថា ការសម្រេចចិត្តបញ្ឈប់ការប្រយុទ្ធគ្នា និងរក្សាកងកម្លាំងនៅនឹងដើមកន្លែងរៀងៗខ្លួន ឆ្លុះបញ្ចាំងពីការទទួលស្គាល់រួមគ្នាថា ការអត់ធ្មត់គឺត្រូវបានទាមទារ ជាពិសេសដើម្បីផលប្រយោជន៍របស់ជនស៊ីវិល។
ក្នុងសេចក្តីថ្លែងការណ៍រួម បានកំណត់វិធានការជាក់ស្តែង និងវិជ្ជមាន រួមទាំងការផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន និងការទំនាក់ទំនងដោយផ្ទាល់រវាងអាជ្ញាធរការពារជាតិ។ ទាំងនេះផ្តល់មូលដ្ឋានសម្រាប់ស្ថិរភាព ហើយខ្ញុំសង្ឃឹមថា ភាគីទាំងពីរនឹងអនុវត្តវាដោយស្មោះត្រង់បំផុត។ ទន្ទឹមគ្នានេះ ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក៏បានរំលេចដែរថា នៅពេលដែលប្រទេសម៉ាឡេស៊ីប្រគល់តួនាទីប្រធានអាស៊ានទៅឱ្យហ្វីលីពីននៅពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ យើងនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីធានាថា កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានគោរព និងថា កិត្យានុភាព និងភាពជឿជាក់របស់អាស៊ានជាតំបន់សន្តិភាពត្រូវបានរក្សា»។
យ៉ាងណា កម្ពុជា និងថៃ យល់ព្រមឱ្យមានបទឈប់បាញ់ជាបន្ទាន់ដោយអនុវត្តចាប់ពីម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ ហើយ៧២ម៉ោងក្រោយនៃបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ កងទ័ពកម្ពុជា១៨រូបដែលថៃចាប់ឃុំខ្លួន ក៏រំពឹងថា នឹងត្រូវដោះលែងមកវិញ។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៧ ខែធ្នូនេះ ដែលដឹកនាំកិច្ចប្រជុំដោយរដ្ឋមន្រ្តីការពារជាតិកម្ពុជា និងរដ្ឋមន្រ្តីការពារជាតិថៃ៕
ដោយ៖ ង៉ែត ពិសាន្ត




