ក្រសួងការពារជាតិ បានប្រកាសហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក(ដ្រូន)គ្រប់ប្រភេទនៅទូទាំងប្រទេស ជាពិសេសខេត្តនៅជាប់បណ្ដាព្រំដែនដូចជាខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តប៉ៃលិន។ ក្នុងករណីចាំបាច់ អង្គភាពពាក់ព័ន្ធអាចប្រើប្រាស់ប្រព័ន្ធប្រឆាំងដ្រូនបាន។
តាមសេចក្ដីណែនាំកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា ជនណាដែលបំពាន ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ជ្រួន) ដោយគ្មានការអនុញ្ញាតពីក្រសួងការពារជាតិ នឹងត្រូវទទួលទោសតាមច្បាប់កំណត់។ ក្រសួងការពារជាតិ ណែនាំអគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងអាកាស បញ្ជាការដ្ឋានការពារអាកាស សហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ ត្រួតពិនិត្យការប្រើប្រាស់ដ្រូន ដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ ក្នុងករណីចាំបាច់អង្គភាពទ័ពអាចឆ្លើយតប រួមទាំងការប្រើប្រាស់ប្រព័ន្ធប្រឆាំងដ្រូន (Anti-Drone System) ។ ការណែនាំរបស់ក្រសួងការពារជាតិ គឺដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋ និងយោធិននៃកងយោធពលខេមរភូមិន្ទ៕
ដោយ៖ ង៉ែត ពិសាន្ត

