ប្រទេសចិនប្រកាសត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយ និងការគាំទ្រចាំបាច់ទាំងអស់ រួមទាំងការតាមដានបទឈប់បាញ់ ជំនួយមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការដោះមីន។ នេះបើតាមឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បញ្ជាក់លើទំព័រហ្វេសប៊ុកនៅថ្ងៃទី២៩ ខែធ្នូ។
ការបញ្ជាក់របស់ឯកឧត្តម វ៉ាង វិនពីន ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំត្រីភាគីនៅទឹកដីខេត្ត Yunnan រវាងកម្ពុជា ចិន និងថៃ កាលពីថ្ងៃទី២៩ ខែធ្នូ ដោយភាគីទាំង៣ បានឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយ ពាក់ព័ន្ធនឹងការអនុវត្តបទឈប់បាញ់ និងការស្តារទំនុកចិត្តរវាងប្រទេសជិតខាងទាំងពីរឡើងវិញ ក្រោយពីប្រទេសថៃបានបើកការឈ្លានពានទឹកដីកម្ពុជាតាំងពីថ្ងៃទី០៧ ខែធ្នូ។
ខ្លឹមសារអត្ថបទដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ឯកឧត្តម វ៉ាង វិនពីន បានបង្ហាញក្តីសង្ឃឹមថា ការជួបជុំគ្នានៅពេលនេះ នឹងព្យាបាលរបួសដែលបង្កឡើងដោយជម្លោះ ដករបាំងនៅក្នុងចិត្តរបស់គ្នាទៅវិញទៅមក ហើយពិតជាសម្រេចបាននូវការផ្សះផ្សាឡើងវិញ។ មានតែដូច្នេះទេ ទើបអាចបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរនិងថៃបាន ហើយឆ្លុះបញ្ចាំងពីការចង់បានរួមគ្នារបស់ភាគីពាក់ព័ន្ធទាំងអស់។
ឯកឧត្តមឯកអគ្គរដ្ឋទូតចិនសង្កត់ធ្ងន់ថា ប្រទេសចិននឹងធ្វើការជានិច្ចដើម្បីលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ថៃ ហើយប្រទេសចិនទន្ទឹងរង់ចាំ និងជឿជាក់យ៉ាងមុតមាំថាទំនាក់ទំនងកម្ពុជា-ថៃនឹងវិលមករកផ្លូវដូចដើមវិញ៕
ដោយ៖ ង៉ែត ពិសាន្ត


