ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្ថានការណ៍ជួរមុខបន្តស្ងប់ស្ងាត់ខណៈវីរកងទ័ពកម្ពុជា១៨នាក់ត្រូវបានដោះលែង

KPS99TV

សេចក្តីសង្ខេប

ក្រសួងការពារជាតិបញ្ជាក់ថា គិតត្រឹមម៉ោង ៤ រសៀលថ្ងៃទី១ ខែមករា ជួរមុខបន្តស្ងប់ស្ងាត់ ក្រោយកងទ័ពកម្ពុជា ១៨ នាក់ត្រូវបានថៃដោះលែងកាលពីម្សិលមិញ។

បទឈប់បាញ់រវាងកម្ពុជានិងថៃ បានចូលជាធរមាននិងអនុវត្តពេញលេញចាប់តាំងពីម៉ោង១២ត្រង់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ គិតមកដល់ម៉ោង១៦និង០០នាទីរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦នេះ ស្ថានការណ៍នៅជួរមុខមានសភាពស្ងប់ស្ងាត់ ខណៈវីរកងទ័ពកម្ពុជាទាំង១៨នាក់ ត្រូវបានភាគីថៃដោះលែងឱ្យមានសេរីភាពឡើងវិញកាលពីថ្ងៃម្សិលមិញ។ ទោះបីជាយ៉ាងនេះក្តី លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា កងកម្លាំងរបស់កម្ពុជា បាននិងកំពុងបំពេញតួនាទីរបស់ខ្លួនប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ និងបន្តតាមដានយ៉ាងខ្ជាប់ខ្ជួនបំផុត ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី។

លោកជំទាវអ្នកនាំពាក្យ បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ បានប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិត ក្នុងការគោរពនិងអនុវត្តពេញលេញនូវលក្ខខណ្ឌនៃបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាព ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងផ្សេងៗទៀត ក្នុងការឆ្ពោះទៅរកភាពល្អប្រសើរឡើងវិញឱ្យបានឆាប់រហ័ស ដើម្បីសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…