ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុងកំពត ប្រមូលសំរាមប្រមាណជិត ៩០ តោន ក្រោយរាត្រីឆ្លងឆ្នាំ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ក្រុមហ៊ុនកំពតហ្គ្រីនបានឱ្យដឹងថា ខ្លួនបានប្រមូលសំរាមជិត ៩០ តោនក្រោយរាត្រីឆ្លងឆ្នាំ ដោយប្រើកម្មករ ៦៧ នាក់ និងរថយន្ត ៧ គ្រឿង។

ក្នុងរាត្រីឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ឈានចូល២០២៦ នៅខេត្តកំពត កន្លងទៅនេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋ និងភ្ញៀវមកពីទីជិតឆ្ងាយ បានប្រកាន់ទម្លាប់ល្អ ដោយវេចខ្ចប់ និងទុកដាក់សំរាមបានត្រឹមត្រូវ ដែលជាផ្នែកមួយជួយសម្រាលការលំបាកដល់កម្មករ ក្នុងការប្រមូលសំរាម ខណៈបរិមាណសំរាមកើនឡើងប្រមាណជិត ៩០ តោន។

នេះបើតាមការលើកឡើងរបស់ក្រុមហ៊ុនប្រមូលសំរាម កំពតហ្គ្រីន ដែលបានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ពិធីឆ្លងឆ្នាំសកល ឆ្នាំ ២០២៥ ឈានចូល ឆ្នាំ ២០២៦ កាលពីយប់មិញនេះ ក្រុមការងារសម្អាតអនាម័យ បានប្រមូលសំរាមនៅក្នុងក្រុងកំពត មានបរិមាណប្រមាណជិត ៩០ តោន។

លោក សួន សុភ័ក្ត្រ ប្រធានក្រុមហ៊ុនប្រមូលសំរាម កំពតហ្គ្រីន បានឱ្យដឹងថា ក្នុងរាត្រីឆ្លងឆ្នាំសកល ឆ្នាំ ២០២៥ ឈានចូល ២០២៦ ដោយសារបរិមាណសំរាមមានកំណើនខ្ពស់ ក្រុមហ៊ុនបានប្រើប្រាស់កម្លាំងកម្មករ ទាំងផ្នែកបោស ប្រមូលសំរាម និងលាងសម្អាត សរុបចំនួន ៦៧ នាក់ ព្រមទាំងរថយន្តតូច និងធំ ចំនួន ៧ គ្រឿង។

ដើម្បីធានាឱ្យបាននូវភាពស្រស់ស្អាតរបស់ក្រុង ក្រុមការងាររបស់ក្រុមហ៊ុន បានចាប់ផ្តើមប្រមូល និងធ្វើការសម្អាតភ្លាមៗ បន្ទាប់ពីភ្ញៀវបានចាកចេញពីកន្លែងប្រមូលផ្តុំ ដោយខិតខំធ្វើឱ្យទីតាំងនានាមានភាពជ្រះស្អាត មុនពេលប្រជាពលរដ្ឋ និងភ្ញៀវធ្វើដំណើរឆ្លងកាត់នាព្រឹកព្រលឹម។

លោកបានបញ្ជាក់បន្ថែមថា តាមការកត់សម្គាល់ជាក់ស្តែង ទាំងប្រជាពលរដ្ឋក្នុងក្រុង និងភ្ញៀវមកពីទីជិតឆ្ងាយ សុទ្ធតែបានវេចខ្ចប់ និងទុកដាក់សំរាមបានល្អត្រឹមត្រូវ ដែលជាផ្នែកមួយជួយដល់ក្រុមកម្មករ ក្នុងការប្រមូលសំរាមដាក់លើរថយន្ត ដើម្បីដឹកជញ្ជូនចេញបានរហ័ស និងមានប្រសិទ្ធភាព៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…