ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ជនភៀសសឹកបានវិលត្រឡប់ទៅលំនៅឋានវិញប្រមាណ១០ម៉ឺននាក់ ក្រោយអនុវត្តបទឈប់បាញ់

KPS99TV

សេចក្តីសង្ខេប

ក្រសួងមហាផ្ទៃថា ថ្ងៃទី១ ខែមករា ម៉ោង១–៦ល្ងាច អ្នកភៀសសឹក១០៣.១៧៧នាក់បានវិលត្រឡប់ និងនៅសល់៤០៩.១៨៦នាក់ រួមមានស្ត្រី២១៤.៥២៥ និងកុមារ១៣១.៤១៣នាក់។

ជនភៀសសឹកប្រមាណ១០ម៉ឺននាក់ បានវិលត្រឡប់ទៅកាន់លំនៅឋានវិញ ក្រោយបទឈប់បាញ់បានអនុវត្ត គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ។

រហូតមកដល់ពេលនេះ វីរយុទ្ធជនកម្ពុជា និងយោធាថៃ បានបន្តអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅលំនៅឋានវិញជាបណ្តើរៗ ជាពិសេស វីរកងទ័ពទាំង១៨រូប បានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ស្របតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។

ក្រសួងមហាផ្ទៃបានលើកឡើងថា ស្ថានភាពពលរដ្ឋភៀសសឹកបើគិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាចថ្ងៃទី១ ខែមករា មានជនភៀសសឹក១០៣.១៧៧នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន៤០៩.១៨៦នាក់ ក្នុងនោះ ស្ត្រី ២១៤.៥២៥នាក់ និងកុមារ១៣១.៤១៣នាក់។

ដោយឡែក បើគិតចាប់ពីថ្ងៃទី៧ ខែធ្នូមក ការខូចខាតទ្រព្យសម្បត្តិឯកជន សរុបរួមមានផ្ទះ២៧៧ខ្នង អគារស៊ីវិលឯកជន៧ អគារស្នាក់នៅ/សណ្ឋាគារ៥ ស្ថានីយប្រេង១ រថយន្ត៣៣គ្រឿង ម៉ូតូ១គ្រឿង លានទិញដំឡូង១ អគារឃ្លាំងទំនិញ១ បង្គោលអង់តែនទូរសព្ទ២ ជង្រុកស្រូវ១ និងសត្វពាហនៈ/សត្វព្រៃ២ក្បាល។ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ សរុប រួមមាន សាលារៀន១២ មណ្ឌលសុខភាព២ សំណង់អគារ១៧ វត្តអារាម៥ សាលាឆទាន១ រូបសំណាក១ រថយន្ត១គ្រឿង ប្រាសាទបុរាណ៤ ស្ពាន៥ ផ្សារ១ ផ្លូវ៣ និងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី១ទីតាំង៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…